ខ្សែប្រយុទ្ធ​ឥណ្ឌូណេស៊ី ចង់​ផ្ដួល​វៀតណាមនៅ​ព្រលប់​នេះ រួច​ដណ្ដើម​ជើងឯក AFF Cup

យោងតាម Sulistyawan ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​របស់ ឥណ្ឌូណេស៊ី កំពុង​រំភើប​ចិត្ត​ខ្លាំង​​នៅមុន​ការប្រកួត​ជាមួយ​ក្រុម​របស់ វៀតណាម នៅ​ជើងទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022 ដែល​នឹង​ធ្វើឡើង​នៅ​ព្រលប់​នេះ។

ឥណ្ឌូណេស៊ី មានប្រៀប​ជាង​ដោយសារ​សម្រាក​យក​កម្លាំង​បាន​ច្រើនជាង​មួយថ្ងៃ និង​បាន​លេង​នៅលើ​ទីលាន Bung Karno របស់ខ្លួន អម​ជាមួយនឹង​ការលើកទឹកចិត្ត​ពី​អ្នកគាំទ្រ​ជិត 50,000 នាក់ ប៉ុន្តែ មិនអាច​យកឈ្នះ​លើ វៀតណាម បាន (0-0) នៅក្នុង​ការប្រកួត​ជើង​ទី​មួយ​​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 កាលពី​ថ្ងៃទី 06 មករា​កន្លងទៅ។ ឥណ្ឌូណេស៊ី និង វៀតណាម នឹង​ប៉ះគ្នា​ជាថ្មី​នៅ​ព្រលប់​ថ្ងៃទី 09 មករា​នេះ។

«យើង​នឹងធ្វើ​ឱ្យបាន​ល្អ​ជាង​មុន នៅក្នុង​ការប្រកួត​ជើង​ទីពីរ។ រង់ចាំ​មើលចុះ។ កីឡាករ​របស់​យើង​កំពុង​រំភើប​ខ្លាំង និង​ពេញ​ដោយ​ក្ដីសង្ឃឹម​នៅមុន​ការប្រកួត​ជើង​ទីពីរ​ ​ជាមួយនឹង វៀតណាម» ខ្សែ​ប្រយុទ្ធ​របស់ ឥណ្ឌូណេស៊ី Sulistyawan និយាយ​ដូច្នេះ។

ឥណ្ឌូណេស៊ី ត្រូវបាន​ចាត់ទុកថា​ជា «ជើងឯក​លំដាប់​ទី​ពីរ​នៅ អាស៊ីអាគ្នេយ៍» ដោយបាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup ចំនួន 6 លើក ប៉ុន្តែ​មិនទាន់បាន​ក្លាយជា​ជើងឯក​ម្ដងណា​ឡើយ។ ដូច្នេះ ឥណ្ឌូណេស៊ី បាន​វិនិយោគ​យ៉ាងច្រើន​សម្រាប់​ពានរង្វាន់​លើក​នេះ ដោយ​សង្ឃឹមថា នឹង​ដណ្ដើមបាន​ពានមាស​ជា​លើកដំបូង។

«គោលដៅ​របស់​ក្រុម​គឺ​ជើងឯក AFF Cup 2022។ ដូច្នេះហើយ យើង​ត្រូវតែ​យកឈ្នះ​លើ វៀតណាម។ យើង​បាន​ត្រៀម​យ៉ាង​ម៉ត់ចត់​រួចហើយ ដើម្បី​លេង​ក្នុង​ជើង​ទី​ពីរ​ឱ្យបាន​ល្អ​ជាង​ជើង​ទីមួយ» Sulistyawan បន្ថែម​ដូច្នេះ និង​បន្តថា «…យើង​មក​ទីនេះ​ដើម្បី​ជ័យជម្នះ»។

ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​រវាង ឥណ្ឌូណេស៊ី និង វៀតណាម នឹងត្រូវ​ធ្វើឡើង​ក្នុង​កីឡដ្ឋាន My Dinh នៅ រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម វេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 09 មករា 2023៕

Advertisement