កីឡដ្ឋាន​បាល់​ទាត់​​ដំបូង​គេ​នៅ​អាម៉េរិក​ខាងត្បូង ប្ដូរ​ឈ្មោះ​ទៅជា Pele

កូ​ឡុំ​ប៊ី បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​អាម៉េរិក​ខាង​ត្បូង​ ដែល​បាន​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ប្រធាន FIFA លោក Gianni Infantino ស្ដីពី​ការប្ដូរឈ្មោះ​កីឡដ្ឋាន​បាល់ទាត់​ដោយ​ដាក់​តាម​ឈ្មោះ​ស្ដេច​បាល់ទាត់ Pele។

យោងតាម AFP លោក Juan Guillermo Zuluaga អភិបាលខេត្ត Meta នៅ​ភាគខាងត្បូង​ប្រទេស​កូ​ឡុំ​ប៊ី ប្រកាស​នៅលើ Twitter កាល​ពី​ថ្ងៃទី 04 មករា​ថា កីឡដ្ឋាន​នៅ​ទីក្រុង Villavicencio «នឹងត្រូវ​បាន​ហៅថា Bello Horizonte Rey Pele»។

កីឡដ្ឋាន​បាល់ទាត់​ខាងលើនេះ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ 1958 និង​អាចដាក់​មនុស្ស​បាន 15,000 នាក់។ មុន​នោះ កីឡដ្ឋាន​នេះ​មាន​ឈ្មោះថា Bello Horizonte ដែល​មានន័យថា «ជើងមេឃ​ស្រស់ស្អាត» នៅក្នុង​ភាសា​អេ​ស្ប៉ា​ញ។ នេះ​គឺជា​ទីលាន​ម្ចាស់ផ្ទះ​របស់​ក្លឹប​បាល់ទាត់ Llaneros នៃ​ពានរង្វាន់​លេខ​ពីរ​របស់ កូ​ឡុំ​ប៊ី។

លោក Pele បានទទួល​មរណភាព​កាលពី​ថ្ងៃទី 29 ធ្នូ 2022 ក្នុង​វ័យ 82 ឆ្នាំ ដោយសារ​ជំងឺមហារីក​ពោះវៀន។ សព​របស់​ស្ដេច​បាល់​​ទាត់​នេះ​ត្រូវបាន​បញ្ចុះ​កាលពី​ថ្ងៃទី 03 មករា 2023 នៅ​ទីក្រុង Santos ប្រទេស​ប្រេ​ស៊ី​ល។

ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) លោក Gianni Infantino កាលពី​ថ្ងៃទី 02 មករា បានឱ្យដឹងថា នឹង​ស្នើឱ្យ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក យកឈ្មោះ Pele ដាក់ឱ្យ​កីឡដ្ឋាន​បាល់ទាត់​របស់​ពួកគេ។

កាលពី​ថ្ងៃទី 04 មករា នាយករដ្ឋមន្ត្រី Jose Ulisses Correia e Silva របស់ កាប់​វែ​រ (Cabo Verde) បានឱ្យដឹងថា ប្រទេស​កោះ​នៅ​អាហ្វ្រិក​ខាងលិច​នេះ​នឹង​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ជា​តិ​នៅ Praia ទៅជា កីឡដ្ឋាន Pele។ កីឡដ្ឋាន​នេះ​អាចដាក់​មនុស្ស​បាន 15,000 នាក់។

កន្លង​មក ទីក្រុង Maceio ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល ក៏មាន​កីឡដ្ឋាន​មួយ​ដែលមាន​ឈ្មោះថា Rei Pele ដែល​ដាក់ឈ្មោះ​នេះ​តាំងពី​ឆ្នាំ 1979 ប៉ុន្តែ ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ឈ្មោះ Trapichao។ ពាក្យ​ថា Rei ឬ Rey មានន័យថា ស្ដេច៕

Advertisement