គ្រូបង្វឹក​អ៊ីតាលី ជំរុញ​ឲ្យ​ក្រុម​ខ្លួន​ពង្រឹង​ទម្រង់​លេង ក្រោយ​ចាញ់​ស៊ុយអែត ក្នុង​វគ្គ Playoff

លោក Giampiero Ventura អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី បាន​បញ្ជាក់ថា ក្រុម​របស់លោក​ត្រូវតែ «បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ» មួយ ក្នុងការ​ប្រកួត​ជើង​ទី2នៃ​វគ្គ Playoff របស់​ពួកគេ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ប្រសិនបើ​ពួកគេ​ចង់​គេច​ផុតពី​ការធ្លាក់​ចេញពី​យុទ្ធនាការ World Cup ជា​លើក​ទី1ចាប់តាំងពី​ឆ្នាំ1958 មក។

ក្រុម​ជម្រើសជាតិ​ស៊ុយអែត បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី1 ក្នុង​លទ្ធផល 1-០ នា​កីឡដ្ឋាន Friends Arena កាលពី​ថ្ងៃ​សុក្រ ខណៈដែល​គ្រាប់​បាល់​តែ1គ្រាប់​នោះបាន​កើតឡើង នៅពេលដែល​កីឡាករ Jakob Johansson បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​ពី​ចម្ងាយ​ប្រមាណ​ជា18ម៉ែត្រ។ ក្រុម​ជម្រើសជាតិ​ស៊ុយអែត បាន​លេង​យ៉ាង​ល្អ​ក្នុង​តង់​ទី1 ស្រប​ពេលដែល​អ៊ីតាលី លេង​បានល្អ​ឡើងវិញ​ក្នុង​តង់​ទី2  តែ​ពួកគេ​នៅតែ​ជួប​ការខកចិត្ត។ ខ្សែការពារ Matteo Darmian បាន​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការរក​គ្រាប់​បាល់​តាម​ស្មើ​វិញ ប៉ុន្តែ​ការព្យាយាម​ស៊ុត​បាល់​របស់គេ​បែរជា​ទៅ​ប៉ះ​នឹង​បង្គោល​ទី​ទៅវិញ។ ក្រុម​ជម្រើសជាតិ​អ៊ីតាលី ដែល​នឹង​លេង​ដោយ​គ្មាន​ខ្សែបម្រើ​ឆ្នើម Marco Verratti នោះ នឹង​ត្រូវតែ​ដណ្តើមយក​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី2 នា​កីឡដ្ឋាន San Siro ឱ្យបាន ដើម្បី​ឈានទៅ​យុទ្ធនាការ World Cup ក្នុងប្រទេស​រុស្ស៊ី។ លោក Ventura បាន​និយាយថា៖ «លទ្ធផល​នេះ​ដូចជា​ការដាក់ទណ្ឌកម្ម​មួយ​ដែរ។ ខ្ញុំ​សង្ឃឹមថា នៅ​ទីក្រុង Milan មន្ត្រី​រៀបចំ​ការប្រកួត​នឹង​ផ្តល់​ឲ្យ​នូវ​ការ​កាត់សេចក្តី​យ៉ាង​ល្អ​ក្នុង​ការប្រកួត»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ក្នុងការ​ប្រកួត​ដ៏​សំខាន់​បែបនេះ យើង​ចង់បាន​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​មួយ។ ប៉ុន្តែ​ពេលនេះ រឿង​ដែល​សំខាន់​នោះ​គឺ​ការដណ្តើម​ឲ្យ​បាន​លទ្ធផល​ល្អ​មួយ​ជាមុនសិន។ យើង​ត្រូវតែ​ផ្លាស់ប្តូរ​រាល់អ្វីៗទាំងអស់​ក្នុងពេល​ប្រកួត​នៅ​ទីក្រុង Milan។ កីឡដ្ឋាន San Siro ត្រូវតែ​ផ្តល់នូវ​ការ​មានប្រៀប​ដល់​យើង​ផងដែរ ប៉ុន្តែ វា​អាស្រ័យទៅលើ​យើង​ក្នុងការ​ផ្តល់នូវ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នកគាំទ្រ​របស់​យើង»៕

ប្រភពពី៖ BBC

Advertisement