Mbappe ចាញ់ Messi ក្នុងការ​​បោះ​ឆ្នោត​​រើស​​កីឡាករ​​ឆ្នើម​​ជាង​គេ​​ប្រចាំ​ឆ្នាំ​​របស់​ IFFHS

កីឡាករ​បារាំង Kylian Mbappe ត្រូវបាន Lionel Messi យកឈ្នះ​ដាច់​យ៉ាង​ឆ្ងាយ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​ស្ថិតិ និង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អន្តរជាតិ (IFFHS)។

លទ្ធផល​នៃ​ការបោះឆ្នោត​ខាងលើ​ដែល​​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 04 មករា 2023 បង្ហាញថា Messi នាំមុខគេ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​កីឡាករ​ឆ្នើម​ជាងគេ​ឆ្នាំ 2022 របស់ IFFHS ដោយ​ទទួលបាន 275 ពិន្ទុ។ ឈរ​លំដាប់​ទី​ពីរ​គឺ Kylian Mbappe ទទួលបាន 35 ពិន្ទុ។ ចំណែក Karim Benzema ទទួល 30 ទិ​ន្ទុ ត្រូវ​ជាប់​លេខ 3 ខណៈ Luka Modric ជាប់​លេខ 4 ដោយ​ទទួលបាន 15 ពិន្ទុ និង Erling Haaland ទទួលបាន 5 ពិន្ទុ ត្រូវ​ជាប់​លេខ 5។

Ligue 1 គឺជា​តំណែង​រួម​តែមួយគត់​របស់ Mbappe ក្នុង​ឆ្នាំ 2022។ ក្រុម​ជម្រើសជាតិ​បារាំង របស់ Mbappe បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ប៉ុន្តែ​បាន​ចាញ់ អា​ហ្ស​ង់​ទីន 2-4 ក្នុងការ​ប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។ អំពី​ផ្នែក​ផ្ទាល់ខ្លួន ខ្សែប្រយុទ្ធ​វ័យ 23 ឆ្នាំ​រូបនេះ ដណ្ដើមបាន​ស្បែកជើង​មាស​នៅ World Cup 2022 ដោយ​រកបាន 8 គ្រាប់ និង​ដណ្ដើមបាន​តំណែង​ស្ដេច​កម្ទេច​សំណាញ់​ទី Ligue 1 ឆ្នាំ 2021-2022។

ចំណែក​កីឡាករ​ឆ្នើម​ជាងគេ​លើ​ពិភពលោក Lionel Messi វិញ បានបញ្ចប់​ឆ្នាំ 2022 ដោយ​ការ​ដណ្ដើមបាន​តំណែង​ចំនួន 3 រួមមាន World Cup, Intercontinental Super-cup និង Ligue 1។ នៅ World Cup 2022 ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ រកបាន 7 គ្រាប់ និង​បង្ក​ឱកាស​ផ្ទាល់ (Key pass) បាន 3 គ្រាប់។ Messi ដណ្ដើមបាន​តំណែង​ផ្ទាល់ខ្លួន​ចំនួន 2 ថែមទៀត​គឺ កីឡាករ​ឆ្នើម​ជាងគេ​បង្អស់ និង​ស្បែកជើង​ប្រាក់។

Messi និង Mbappe នៅក្លឹប​បារាំង PSG

នៅ​ក្លឹប PSG Messi ក៏មាន​ឥទ្ធិពល​ខ្លាំង។ ក្នុងចំណោម 51 ប្រកួត​ដែល​លេង​ឱ្យ​ក្លឹប និង​ក្រុម​ជម្រើសជាតិ ឆ្នាំ 2022 កីឡាករ​វ័យ 35 ឆ្នាំ​រូបនេះ រួមចំណែក​បាន 35 គ្រាប់ និង​បង្ក​ឱកាស​ផ្ទាល់​បាន 30 គ្រាប់។ គិត​ជា​មធ្យម ក្នុង​រយៈពេល 69 នាទី Messi រួមចំណែក​រកបាន 1 គ្រាប់។

នេះ​គឺជា​លើក​ទី 6 ហើយ​ ដែល IFFHS ប្រគល់​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ។ ក្នុង 2 លើកដំបូង​នៅ​ឆ្នាំ 1988 និង 1989 Marco Van Basten សុទ្ធតែ​ជាប់​ចំណាត់ថ្នាក់​លេខ 1។ ចំណែក​ឆ្នាំ 1996 ពានរង្វាន់​នេះ​បាន​ទៅលើ Lothar Matthaus។ ដោយសារ​សំណើ​ពី FIFA ពានរង្វាន់​នេះ​មិនត្រូវ​បានប្រគល់​រហូត​ដល់​ឆ្នាំ 2020 តែ​ត្រូវ​ទុកតួនាទី​នេះ​ឱ្យ​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ FIFA។ កីឡាករ​ដែល​ដណ្ដើមបាន​ពានរង្វាន់​នេះ​ក្នុង 2 ឆ្នាំ​កន្លង​ទៅ​ ​គឺ Robert Lewandowski៕

Advertisement