(AFF Cup 2022) – សិង្ហ​បុរី និង​វៀតណាម នៅ​ព្រលប់នេះ តើក្រុម​ណា​អាច​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ?

ដោយមាន 6 ពិន្ទុ​ស្មើគ្នា តើ​រវាង សិង្ហ​បុរី និង វៀតណាម ក្រុម​មួយណា​​ជា​អ្នក​ដណ្ដើមបាន​សំបុត្រ​ឡើងទៅ​កាន់​​វគ្គ​​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រមុន​គេ​មួយ​ជុំ នៅ AFF Cup 2022 ក្នុង​ការប្រកួត​នៅព្រលប់​​ថ្ងៃទី 30 ធ្នូ​នេះ?

គ្រូបង្វឹករបស់​ក្រុម​វៀតណាម Park Hang-seo ប្រមូលផ្ដុំ​កូនសិស្សខ្លាំងៗបំផុតបាន​​គ្រប់​ចំនួន ក្នុងនោះ​មាន​ទាំង​ខ្សែបម្រើ Nguyen Quang Hai ដែល​កំពុង​លេង​ឱ្យ​ក្លឹប Pau FC នៅ ប្រទេស​បារាំង។ ចំណែក សិង្ហ​បុរី វិញ មិនអាច​រក្សាបាន​នូវ​ថាមពល​ដូច​កាលពី AFF Cup 2020 ជា​រដូវ​កាល​មួយ​ដែល​ពួកគេ​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយសារតែពេល​នេះ​ពួក​គេ​​បាត់បង់​ខ្សែប្រយុទ្ធ​លេខ​មួយ Ikhsan Fandi និង​ខ្សែបម្រើ Adam Swandi ព្រោះតែ​រងរបួស។

ក្នុង​គ្រា​ដែល​ក្រុម​នានា​បាន​ឆ្លងកាត់​ការប្រកួត​ដ៏​លំបាក វៀតណាម បែរជា​ឡើងដល់​កំពូល​តារាង​ដោយ​ងាយ ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​ឡាវ 6-0 និង​ឈ្នះ​ភ្ញៀវ​ម៉ាឡេស៊ី 3-0 បើទោះជា​ត្រូវ​លេង​ដោយ​ខ្វះជើង។

បើសិនជា​រកបាន 3 ពិន្ទុ​ទៀត​នៅក្នុង​ការប្រកួត​លើ​ទឹកដី​របស់ សិង្ហ​បុរី នៅ​ព្រលប់​នេះ ក្រុម​វៀតណាម នឹង​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆាប់​ជាងគេ​មួយ​ជុំ។ ក្រោយ​ការ​ឈ្នះ​លើ សិង្ហ​បុរី នៅ​ម៉ោង 19 និង 30 នាទី​ព្រលប់​នេះ វៀតណាម ងាយស្រួល​គិតគូរ​ដល់​ជុំ​ចុងក្រោយ​នៅ​ពូ​ល B ដែល​ត្រូវ​ប៉ះ មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី 03 មករា 2023 ដើម្បី​រើស​គូប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​អាច​អនុញ្ញាតឱ្យ​កីឡាករសំខាន់ៗមួយចំនួន​សម្រាក​យក​កម្លាំង ឬ​សាកល្បង​វិធី​ថ្មី​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ផ្ទាល់។

សិង្ហ​បុរី​មានជ័យ​ជម្នះ​ពីរ​លើ​​ក ប៉ុន្តែ​ការ​លេង​របស់​ពួកគេ​មិនទាន់​ធ្វើឱ្យមាន​ទំនុកចិត្ត​នៅឡើយ។ ពួកគេ​ត្រូវ​ទាត់​រហូតដល់​ការប្រកួត​ថែម​ម៉ោង ទើប​រកបាន​គ្រាប់​បាល់​ទី​ពីរ​ដើម្បី​យកឈ្នះ ឡាវ ក្នុង​ជុំ​ទីពីរ។ ក្នុងការ​ប្រកួត​ជុំ​ដំបូង កូនសិស្ស​របស់ Takayuki Nishigaya ការពារ​តំបន់​គ្រោះថ្នាក់​មិនបាន​ល្អ ធ្វើឱ្យ មី​យ៉ាន់​ម៉ា នាំមុខ 2 គ្រាប់ ហើយ​ត្រូវ​ខំប្រឹង​ខ្លាំង​ទើបបាន​ឈ្នះ 3-2 នៅលើ​វាលស្មៅ​របស់ខ្លួន។

ចំណុច​ដែល សិង្ហ​បុរី មានប្រៀប​ជាង វៀតណាម គឺ​បាន​លេង​នៅលើ​វាយ​ស្មៅ​សិប្បនិម្មិត។ ប៉ុន្តែ គ្រូបង្វឹក​របស់​ក្រុម​វៀតណាម អះអាងថា ពួកគេ​មិន​ញញើត​ឡើយ ព្រោះ​កូនសិស្ស​របស់គាត់​ក៏​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​នៅលើ​វាលស្មៅ​ប្រភេទ​នេះ។

ការ​ប៉ះគ្នា​កន្លងមក ក៏​ធ្វើឱ្យ សង្ហ​បុរី មាន​អារម្មណ៍​មិនសូវ​ល្អ។ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង ក្រុម​ជម្រើសជាតិ​វៀតណាម សុទ្ធ​តែ​បានឈ្នះ​លើ ក្រុម​សិង្ហ​បុរី។

ក៏ប៉ុន្តែ សិង្ហ​បុរី ទំនងជា​នឹង​ប្រើ​យុទ្ធសាស្ត្រ​ការពារ​កម្រិត​ខ្ពស់ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​សំណាញ់​ទី​របស់​ពួកគេ មុនពេល​រង់ចាំ​ឱកាស​វាយបក​នៅពេល វៀតណាម បាត់បង់​អំណត់ និង​ភ្លេចខ្លួន៕

Advertisement