(AFF Cup 2022)- គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ មិន​ញញើត​នឹង​អ្នកគាំទ្រ​របស់ ឥណ្ឌូណេស៊ី

គ្រូបង្វឹក Mano Polking របស់ក្រុមជម្រើសជាតិថៃ និងអ្នកគាំទ្ររបស់ក្រុមឥណ្ឌូណេស៊ី

(ឥណ្ឌូណេស៊ី)- គ្រូបង្វឹក Mano Polking ចូលចិត្ត​ភាពខ្លាំង​ក្លា​នៅ​កីឡដ្ឋាន Gelora Bung Karno និង​មានជំនឿថា ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ នឹង​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី នៅ​ជុំ​ទី​បួន​ក្នុង​ពូ​ល A របស់ AFF Cup 2022 ដែល​នឹង​ធ្វើ​ឡើង​នៅម៉ោង 16 និង 30 នាទី​​ថ្ងៃទី 29 ធ្នូ​​​នេះ​។​​

Gelora Bung Karno ដែល​អាចដាក់​មនុស្ស​បាន 80,000 នាក់ ត្រូវបាន​ចាត់ទុកថា​ជា​កីឡដ្ឋាន​ធំជាងគេ​មួយ​លើ​ពិភពលោក។ ប៉ុន្តែ ក្រោយ​ហេតុការណ៍​ស្លាប់​មនុស្ស​រាប់រយ​នាក់​កាលពី​ខែតុលា​នៅ​ទីលាន Kanjuruhan កីឡដ្ឋាន Bung Karno ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​ទទួល​ទស្សនិកជន​ត្រឹមតែ 25,000 នាក់​ប៉ុណ្ណោះ នៅក្នុង​ការប្រកួត​ជាមួយ កម្ពុជា និង 40,000 នាក់​នៅពេល​ប៉ះ​នឹង ក្រុម​ថៃ នាពេលខាងមុខ។ យ៉ាងនេះ​ក៏ដោយ ចំនួន​នេះ​ក៏​នៅតែ​ជា​ចំណុច​ពឹងផ្អែក​ធំ​សម្រាប់ការ​​លើកទឹកចិត្ត​របស់ ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី។

នៅពេល​ត្រូវបាន​សួរ​អំពី​សម្ពាធ​ផ្លូវចិត្ត​ពី​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ គ្រូបង្វឹក​របស់ ថៃ Mano Polking ក៏បាន​បង្ហាញ​ភាពមិន​យកចិត្តទុកដាក់។ «ពួកយើង​ចាត់ទុកថា នោះ​គឺជា​ការលើកទឹកចិត្ត​ក្នុងការ​ប្រកួត» លោក Mano ឆ្លើយតប​ដូច្នេះ និង​បន្តថា «យើង​មាន​កីឡាករ​ដែលមាន​បទពិសោធន៍​ច្រើន​ដូចជា Teerasil Dangda, Theerathon Bunmathan ឬ Sarach Yooyen។ ពួកគេ​ធ្លាប់​ឆ្លងកាត់​ស្ថានការណ៍​ប្រកួត​បែបនេះ​ជាច្រើនលើក ហើយ​ពួកគេ​ដឹងថា​ត្រូវ​ជួយ​ដល់​មិត្ត​រួម​ក្រុម​បែបណា​នៅក្នុង​ស្ថានការណ៍​លំបាក»។

ក្រោយពី​ឆ្លងកាត់​បាន 2 ប្រកួត និង​ដណ្ដើមបាន 6 ពិន្ទុ​ដូចគ្នា​នៅ AFF Cup 2022 ក្រុម​ជម្រើសជាតិ​ថៃ បច្ចុប្បន្ន​មាន គ្រាប់​បាល់​ចំណេញ +9 ច្រើនជាង 1 គ្រាប់​ធៀប​នឹង +8 របស់ ឥណ្ឌូណេស៊ី។ ក្រុម​ណា​ដែល​បានឈ្នះ​នៅថ្ងៃនេះ (29 ធ្នូ) នឹង​នាំមុខគេ​នៅ​ពូ​ល A ជាក់​ជាមិន​ខាន។

នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Cup 2020 ក្រុម​ថៃ បានឈ្នះ​លើ ឥណ្ឌូណេស៊ី 4-0 ពេល​ធ្វើជា​ភ្ញៀវ និង​ស្មើគ្នា 2-2 ពេល​ធ្វើជា​ម្ចាស់ផ្ទះ មុនពេល​ឡើង​ទទួល​ពានរង្វាន់​ជើងឯក។ ថ្វីបើ​ដូច្នោះ​ក៏ដោយ តែ​គ្រូបង្វឹក Polking នៅតែ​វាយតម្លៃ​ខ្ពស់​ទៅលើ​សម​ភាគី Shin Tae-yong ​គ្រូបង្វឹក​របស់ ក្រុម​ឥណ្ឌូណេស៊ី ដែល​ធ្លាប់បាន​ជួយ​ឱ្យ កូរ៉េខាងត្បូង យកឈ្នះ​លើ អាល្លឺម៉ង់ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ World Cup 2018។

កីឡដ្ឋាន Gelora Bung Karno

នៅ AFF Cup 2022 គ្រូបង្វឹក Polking យល់ថា ក្រុម​ជម្រើសជាតិ​ជើង​ខ្លាំង​ចំនួន 3 ដែល​អាច​ប្រកួតប្រជែង​ជាមួយ ថៃ សម្រាប់​តំណែង​ជើងឯក រួមមាន ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និង វៀតណាម៕

Advertisement