បន្ទប់​ស្នាក់នៅ​របស់ Lionel Messi ពេល​ចូលរួម World Cup ក្លាយជា​សារមន្ទីរ

សាកលវិទ្យាល័យ​កាតា កន្លែង​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន «បោះទ័ព» នៅពេល​ចូលរួម​ប្រកួត​នៅ World Cup 2022 បានប្រកាសថា ​បន្ទប់​របស់​កំពូល​តារា​បាល់ទាត់ Lionel Messi នឹង​ក្លាយ​ជា​សារមន្ទីរ​តូច​មួយ។

កាលពី​ថ្ងៃទី 27 ធ្នូ 2022 សារព័ត៌មាន​កាតា QNA បង្ហោះ​នៅលើ Twitter ថា បន្ទាប់​ដែល Messi ស្នាក់នៅ ពេល​ចូលរួម World Cup 2022 នឹង​លែង​បើកទ្វារ​ទទួលភ្ញៀវ​ស្នាក់​នៅ​ទៀតហើយ។ ប៉ុន្តែ បន្ទប់​នេះ​នឹងត្រូវ​រក្សា​គ្រប់យ៉ាង​ដែល​កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បន្សល់ទុក ឱ្យ​ដូច​ទៅនឹង​សារមន្ទីរ​តូច​មួយ សម្រាប់​ទទួលភ្ញៀវ​មក​ទស្សនា។

«…វា​នឹង​ជា​ភស្ដុតាង​សម្រាប់​បង្ហាញ​អំពី​សមិទ្ធិផល​ធំធេង​ដែល Messi ដណ្ដើមបាន​នៅ World Cup 2022» Hitmi al Hitmi ប្រធាន​ផ្នែក​សារព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​សាកលវិទ្យាល័យ​កាតា បាន​ប្រាប់​សារព័ត៌មាន Al Sharq ដូច្នេះ។

នៅពេល​ចូលរួម​ប្រកួត​នៅ World Cup 2022 ក្រុម​របស់ អា​ហ្ស​ង់​ទីន មិនបាន​ស្នាក់​នៅឯ​សណ្ឋាគារ​ដូច​ក្រុម​ដទៃ​ឡើយ ប៉ុន្តែ​ពួកគេ​ជ្រើស​យក​អន្តេ​វាសិ​ក​ដ្ឋា​ន​របស់ សាកលវិទ្យាល័យ​កាតា ទៅវិញ។ ទ្រព្យសម្បត្តិ​របស់​សាកលវិទ្យាល័យ​នេះ​ធ្លាប់​ត្រូវបាន Liverpool ប្រើប្រាស់​នៅពេល​ចូលរួម​ប្រកួត​នៅ Club World Cup 2019 ដែល​ក្នុងនោះ​មាន​ទីតាំង​លំហ​មួយចំនួន មាន​បន្ទប់​ហាត់ប្រាណ អាង​ហែល​ទឹក និង​ទីលាន​បាល់ទាត់​មួយ​សម្រាប់ហ្វឹក​​ហាត់។

មូលហេតុ​មួយទៀត​ដែលនាំឱ្យ ក្រុម​អា​ហ្ស​ង់​ទីន សម្រេចចិត្ត «បោះទ័ព» នៅ​សាកលវិទ្យាល័យ​កាតា គឺ​ដោយសារ​បរិវេណ​ធំ​ទូលាយ​របស់​អន្តេវាសិកដ្ឋាន ដែល​ជួយ​ឱ្យ​កូនសិស្ស និង​គ្រូបង្វឹក Lionel Scaloni អាច​អាំង​សាច់​ជប់លៀង​តាម​ប្រពៃណី។

នៅ World Cup 2022 Messi ស៊ុត​បញ្ចូល​ទី​បាន 7 គ្រាប់ ក្នុងនោះ​មាន 2 គ្រាប់​នៅក្នុង​ការប្រកួត​ឈ្នះ បារាំង ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​រួមចំណែក​ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក៕

Advertisement