(AFF Cup 2022)- ម៉ាឡេស៊ី ប៉ះ វៀតណាម នៅ​ព្រលប់​នេះ គឺជា​ការប្រកួត​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូងពីរ​រូប

លោក Park Hang-seo (ឆ្វេង) ជាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង របស់ ក្រុមវៀតណាម និងលោក Kim Pan-gon គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង របស់ ម៉ាឡេស៊ី

គ្រា​ដែល​គ្រូបង្វឹក Park Hang-seo ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់ វៀតណាម ដណ្ដើមបាន​កេរ្ដិ៍ឈ្មោះ​ល្បី​នៅ អាស៊ីអាគ្នេយ៍ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង គ្រូបង្វឹក Kim Pan-gon ដែល​មកពី កូរ៉េខាងត្បូង ដូចគ្នា ក៏​បាន​ជួយ ម៉ាឡេស៊ី មិនតិច​នោះដែរ។

មិន​ត្រឹមតែ​ជាការ​ប្រកួត​របស់​ក្រុម​កីឡាករ​ទាំងសងខាង​នោះឡើយ ជុំ​ចុងក្រោយ​របស់​ពូ​ល B នៅ AFF Cup 2022 រវាង វៀតណាម និង ម៉ាឡេស៊ី នៅវេលា​ម៉ោង 19 និង 30 នាទី ព្រលប់​ថ្ងៃទី 27 ធ្នូ​នេះ​ក៏ត្រូវ​បាន​គេ​ទន្ទឹងរង់ចាំ​ផងដែរ ព្រោះតែ​ជាការ​ប្រកួត​រវាង​កូនសិស្ស​របស់​គ្រូបង្វឹក​ពីររូប​ដែលជា ជនជាតិ​កូរ៉េខាងត្បូង ដូចគ្នា។

គ្រូបង្វឹក​របស់​ក្រុម​ម៉ាឡេស៊ី លោក Kim Pan-gon ធ្លាប់​ត្រូវបាន​គេ​សង្ស័យ​អំពី​ចំណេះដឹង​ទាក់ទង​នឹង​ការ​បង្វឹក និង​ដឹកនាំ​ការប្រកួត ដោយសារតែ​ជា អតីត​ប្រធាន​ផ្នែក​បច្ចេកទេស​របស់ សហព័ន្ធ​បាល់ទាត់​កូរ៉េខាងត្បូង មិនមែន​ដឹកនាំ​កីឡាករ​ដោយផ្ទាល់។

ក៏ប៉ុន្តែ គ្រូបង្វឹក​វ័យ 53 ឆ្នាំ​រូបនេះ កំពុង​ទទួល​បានការ​គាំទ្រច្រើនឡើងៗ បន្ទាប់ពី​ឈ្នះ ហ្វ៊ី​លី​ពី​ន ក្នុងការ​ប្រកួត​មិត្តភាព​កាលពី​ខែមីនា 2022។ លោក Pan-gon ក៏បាន​នាំ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ឆ្លង​ផុត​វគ្គ​ជម្រុះ​នៅ ASIAN CUP 2023 ដោយបាន​ឈ្នះ តួកម៉េនីស្ថាន និង បង់​ក្លា​ដែ​ស។ លោក Pan-gon និង​កូនសិស្ស​ក៏បាន​យកឈ្នះ​លើ ថៃ នៅ King’s Cup 2022 ផងដែរ។ ជ័យជម្នះ​ទាំងនេះ​កំពុង​ជួយ​ឱ្យ ក្រុម​របស់ ម៉ាឡេស៊ី មានសង្ឃឹម​នៅ AFF Cup 2022។

ការប្រកួត​ជុំទីមួយ​នៃ​ពូ​ល B នៅ AFF Cup 2022 ម៉ាឡេស៊ី បានឈ្នះ ឡាវ 5-0 ហើយ​ជុំ​ទី​ពីរ ម៉ាឡេស៊ី ក៏បាន​ឈ្នះ​លើ មី​យ៉ាន់​ម៉ា 1-0។

ចំណែក​ក្រុម​ជម្រើសជាតិ​វៀតណាម ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង លោក Park Hang-seo វិញ ក្រៅពី​មាន​ក្រុម​កីឡាករ​ដែល​ល្អ ពួកគេ​ក៏មាន​សញ្ញា​ជឿជាក់​សំខាន់ នោះ​គឺថា ក្រោម​ការដឹកនាំ​របស់​លោក Hang-seo ក្រុម​វៀតណាម មិន​ធ្លាប់បាន​ចាញ់ ម៉ាឡេស៊ី ម្ដងណា​ឡើយ។ ម្យ៉ាងទៀត ការប្រកួត​នៅ​ព្រលប់​នេះ​ក៏ត្រូវ​បានធ្វើ​ឡើង​នៅលើ​ទឹកដី​របស់ វៀតណាម ផងដែរ​៕

Advertisement