កម្ពុជា បើក​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​កីឡា​ទោចក្រយាន​ថ្នាក់ជាតិ​ឆ្នាំ 2022 ដើម្បី​ត្រៀម​សម្រាប់​ស៊ី​ហ្គេម 2023

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បានប្រកាស​បើក​ការប្រកួត​កីឡា​ទោចក្រយាន ដើម្បី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ 2022 ដែល​ធ្វើឡើង​នៅ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី 27 ធ្នូ​នេះ។

ក្នុង​ពិធី​បើក​ការប្រកួត​ដែលមាន​ការចូលរួម​ពី​ក្រុមមន្ត្រី​របស់ ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ក៏ដូចជា​តំណាង​ក្រុមហ៊ុន​ឯកជន​នានា ក្រុម​កីឡាករ កីឡាការិនី និង​ភ្ញៀវ​ជាតិ-អន្តរជាតិ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ណែនាំ​ឱ្យ​កីឡាករ-កីឡាការិនី​ទាំងអស់​ត្រូវ​ឈរលើ​ស្មារតី​កីឡា ដើម្បី​សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស។

ឯកឧត្តម​ប្រធាន​សហព័ន្ធ ក៏បាន​ស្នើ​ដល់​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ត្រូវខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ។

យោងតាម ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន នេះ​ជាការ​ប្រកួត​ប្រចាំឆ្នាំ​ចុងក្រោយ​ហើយ មុននឹង​ដល់ពេល​ដែល កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី 32 ឆ្នាំ 2023។

ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ 2022 ដើម្បី​ជ្រើសរើស​កីឡាករ-កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ សម្រាប់​ហ្វឹកហាត់​បំប៉ន​សមត្ថភាព ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី 32 ឆ្នាំ 2023៕

Advertisement