ស្ត្រី​ម្នាក់​ដែល Messi ឱប​​ដោយ​សុភមង្គល​ដំបូង​គេ​ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022 ជា​អ្នកណា?

(កាតា)- ទិដ្ឋភាព Lionel Messi ឱប​ស្ត្រី​ម្នាក់​នៅលើ​ទីលាន​ប្រកួត បន្ទាប់ពី​បញ្ចប់​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022 កំពុងតែ​ធ្វើឱ្យមាន​ភាព​​រំជើបរំជួល​ដល់​​ពិភពលោក។

វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​បង្ហាញថា កាលពី​ថ្ងៃទី 18 ធ្នូ នៅពេល​ចប់​ការប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី ដែល អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក៏បាន​អបអរ​ជ័យជម្នះ​នៅលើ​ទីលាន​ប្រកួត។ ពេល​នោះស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​រត់​មក​ទាញ​ដៃ​កំពូល​កីឡាករ​នេះ។ Messi ក៏​ងាកក្រោយ និង​ស្រវាឱប​ភ្លាម​ក្នុង​ភាពសប្បាយ​រីករាយ។ ចំណែក​ស្ត្រី​ម្នាក់នេះ​ក៏​យំ​នៅពេល​បានឮ Messi ខ្សឹបប្រាប់​រឿង​អ្វីមួយ។

ស្ត្រី​វ័យ 42 ឆ្នាំនេះ​មានឈ្មោះ​ថា Antonia Farias ជា​មេ​ចុងភៅ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដែល​ត្រូវបាន Messi និង​មិត្ត​រួម​ក្រុម​របស់គាត់​ហៅថា «បងស្រី»។

នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល Antonia Farias ចូលរួម​អបអរសាទរ​ជ័យជម្នះ​របស់​ក្រុម​អា​ហ្ស​ង់​ទីន ក្រោយ​ដណ្ដើមបាន​ជោគជ័យ។ ឆ្នាំ 2021 មេ​ចុងភៅ​រូបនេះ​ក៏បាន​ធ្វើដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ចូលរួម​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America នៅ ប្រេ​ស៊ី​ល និង​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ 1-0។ ពាក់កណ្ដាល​ឆ្នាំនេះ គាត់​ក៏មាន​វត្តមាន​នៅពេល​ក្រុម​អា​ហ្ស​ង់​ទីន ផ្ដួល អ៊ីតាលី នៅ Conmebol-UEFA Champions Cup 2022 ផងដែរ។

Antonia Farias ចូលរួម​ជាមួយបម្រើ​​ក្រុមបាល់ទាត់​អា​ហ្ស​ង់​ទីន ចាប់ពី​ឆ្នាំ 2010។ ក្នុង​រាល់​ការប្រកួត Antonia Farias មាន​តួនាទី​ស្រាវជ្រាវ​ ពិភាក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​សុខភាព​ដើម្បី​ត្រៀម​មុខ​អាហារ​ដែល​សមស្រប សុវត្ថិភាព និង​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​កីឡាករ។

ដោយសារតែ​កិច្ចការ​ម៉ត់ចត់ និង​មនោសញ្ចេតនា​របស់ Antonia Farias ទើប​ធ្វើឱ្យ​សមាជិក​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្នុងនោះ​មាន Messi ជាដើម ចាត់ទុក​ស្ត្រី​មេ​ចុងភៅ​រូបនេះ​ដូច​ទៅ​នឹង​សាច់ញាតិ៕

Advertisement