Messi ពាក់អាវ​​មហា​ក្សត្រ​កាតា​​ប្រទាន លើក​ពាន World Cup 2022

(កាតា)- កំពូល​តារាបាល់ទាត់​វ័យ 35 ឆ្នាំ Lionel Messi ពាក់​អាវធំ​ក្រៅ​ដែល​មហាក្សត្រ​កាតា ប្រទាន នៅពេល​លើក​ពាន World Cup ជា​លើកដំបូង​ក្នុង​អាជីព ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន។

ក្រោយ​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2014 នៅ ប្រេ​ស៊ី​ល Lionel Messi បាន​លើក​ពាន​បាល់​មាស World Cup ប៉ុន្តែ បានត្រឹមតែ​សម្លឹងមើលពាន​ជើងឯក World Cup ពី​ចម្ងាយ​ជាមួយនឹង​ទឹក​មុខ​មិន​សូវ​សប្បាយចិត្ត។ ក៏ប៉ុន្តែ ក្រោយ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​កាលពី​យប់មិញ (18 ធ្នូ 2022) នៅ កាតា ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន លើក​នេះ​ដណ្ដើមបាន​ទាំង​ពាន់​ជើងឯក World Cup បាន​ទាំង​ពាន​បាល់​មាស។

Messi រកបាន 2 គ្រាប់ ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ស្មើនឹង បារាំង 3-3 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ មុនពេល​ស៊ុត​បាន​ជោគជ័យ​ជាមួយនឹង​លទ្ធផល 4-2 នៅក្នុង​ការប្រកួត​ទាត់​បាល់​ប៉េ​ណាំង​ទី។ កំពូល​កីឡាករ​រូបនេះ​តំណាងឱ្យ អា​ហ្ស​ង់​ទីន ឡើង​ទទួល​ពានមាស World Cup ពី​មហាក្សត្រ​របស់ កាតា ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani និង​ប្រធាន FIFA លោក Gianni Infantino។

មុនពេល​ប្រគល់​ពានមាស ព្រះអង្គម្ចាស់ Al Thani បាន​ប្រទាន​អាវធំ​ក្រៅ bisht ពណ៌​ខ្មៅ​ទៅឱ្យ Messi ដើម្បី​សម្ដែង​ការកោតសរសើរ។ អាវ bisht ត្រូវបាន​ប្រើប្រាស់​សម្រាប់តែ​មេដឹកនាំ​សាសនា​អ៊ីស្លាម ឬ​មន្ត្រី​រដ្ឋាភិបាល នៅក្នុង​ព្រឹត្តិការណ៍​ពិសេស​ប៉ុណ្ណោះ។

ក្រោយមក Messi ទទួល​ពានមាស​ពី ព្រះអង្គម្ចាស់ Al Thani និង​លោក Infantino។ Messi ឆ្លៀត​ថើប​ពាន​ជើងឯក​ជា​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន។ នេះ​ក៏​ត្រូវបាន​ចាត់ទុកថា​ជា​រង្វាន់​ពិសេស និង​មានតម្លៃ​បំផុត​ចំពោះ​អាជីព​ជា​កីឡាករ​មួយរូប ហើយក៏​ជា​ពាន​ជើងឯក​ទី​បី​ដែល​បាន​ទៅលើ អា​ហ្ស​ង់​ទីន បន្ទាប់ពី​ឆ្នាំ 1978 និង 1986។

Messi ទទួលពានមាសពី ព្រះអង្គម្ចាស់ Al Thani និងលោក Infantino

Advertisement