(World Cup 2022)- Benzema បដិសេធ​ការ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ

កីឡាករខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំង Karim Benzema

បើ​ទោះ​ជា​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​បារាំង (FFF) អញ្ជើញ ប៉ុន្តែ ខ្សែប្រយុទ្ធ Karim Benzema នៅ​តែ​​បដិសេធ​ការ​ត្រលប់​ទៅកាន់ កាតា ដើម្បី​ចូលរួម​ប្រកួត​ទល់​នឹង អា​ហ្ស​ង់​ទីន។

របួស​របស់ Benzema បានជា​សះស្បើយ និង​ត្រលប់​ទៅ​ហ្វឹកហាត់​ជាមួយ Real ចាប់តាំងពី​ចុង​សប្ដាហ៍​កន្លង។ យោងតាម​ទំព័រ Mundo Deportivo (អេ​ស្ប៉ា​ញ) FFF បាន​ពិចារណា​ដល់​លទ្ធភាព​នាំយក​ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំនេះ​ត្រលប់​ទៅកាន់ កាតា វិញ និង​អនុញ្ញាតឱ្យ​ទាត់​ក្នុងនាម​ជា​កីឡាករ​ជម្រើស​ដំបូង​ដែល​ត្រូវ​ប៉ះ​នឹង អា​ហ្ស​ង់​ទីន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022។

ចំណែក​ភាគី Real ក៏បាន​ត្រៀម​រួចរាល់​ដើម្បីឱ្យ Benzema ហោះ​ទៅកាន់ កាតា បើសិន​ត្រូវបាន​ហៅ​ត្រលប់​ទៅវិញ។ អំពី​ទ្រឹស្ដី Benzema នៅតែ​អាច​ចូលរួម​ការប្រកួត​បិទ​បញ្ចប់ World Cup 2022 ព្រោះថា គាត់​នៅមាន​ឈ្មោះ​ក្នុង​បញ្ជី​របស់ FIFA។

ពេល​ត្រូវបាន​សួរ​អំពី​ព័ត៌មាន​​ខាងលើ បន្ទាប់ពី​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​បានឈ្នះ ម៉ា​រ៉ុ​ក 2-0 កាលពី​យប់​ថ្ងៃទី 14 ធ្នូ អ្នកគ្រប់គ្រង​ក្រុម​ជម្រើសជាតិ​បារាំង Deschamps ដកដង្ហើម​វែង គ្រវីក្បាល​បដិសេធ​ការឆ្លើយតប និង​ស្នើឱ្យ​សួរ​សំណួរ​ផ្សេង។ មុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លោក Deschamps ក៏បាន​អះអាងថា «ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​​ទៅលើ​តែ​កីឡាករ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​កំពុង​ប្រកួត​ប៉ុណ្ណោះ»។

យោងតាម Relevo ដែលជា​ទំព័រសារព័ត៌មាន​កីឡា​នៅ ម៉ា​ឌ្រី​ដ Benzema មិន​ពេញចិត្ត មាន​អារម្មណ៍​ថា​ត្រូវ «រងរបួស» ព្រោះតែ​ការខ្វះ​ការ​យោកយល់ និង​ការអធិប្បាយ​ប្រកបដោយ​ភាពសោះអង្គើយ​របស់ Deschamps។ ដូច្នេះហើយ Benzema ក៏​មិន​មានបំណង​ត្រលប់​ទៅកាន់ កាតា សូម្បីតែ​នៅពេល​ត្រូវបាន​គ្រូបង្វឹក​កោះហៅ។

Benzema រងរបួស និង​ត្រូវ​ខកខាន​ការហ្វឹកហាត់​នៅ កាតា កាលពី​ថ្ងៃទី 19 វិច្ឆិកា។ ក្នុង​ថ្ងៃ​ដដែល សម្ព័ន្ធ​បាល់ទាត់​បារាំង ក៏បាន​បញ្ជាក់​ពី​ការ​លុបឈ្មោះ Benzema ពី​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ World Cup 2022។ Benzema គិតថា ការសម្រេចចិត្ត​របស់ Deschamps គឺ «លឿន​ពេក» ព្រោះថា គាត់​អាចជា​សះស្បើយ​មុនពេល World Cup 2022 បានបញ្ចប់៕

Advertisement