Lionel Messi របស់ អា​ហ្ស​ង់​ទីន បំបែក​កំណត់ត្រា​ជាច្រើន​នៅ World Cup

កីឡាករ Lionel Messi របស់ អាហ្សង់ទីន

កីឡាករ​ខ្សែប្រយុទ្ធ Lionel Messi បាន​បំបែក​កំណត់ត្រា​ជាច្រើន បន្ទាប់ពី អា​ហ្ស​ង់​ទីន បាន​ផ្ដួល ក្រួ​អាត 3-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022។

នាទី​ទី 34 ដែល​គ្រាប់​បាល់​នៅ 0-0 នៅឡើយ អា​ហ្ស​ង់​ទីន ក៏​ទទួលបាន​គ្រាប់​បាល់​ពិន័យ ក្រោយពី​អ្នកចាំទី Dominik Livakovic បង្កកំហុស​លើ Julian Alvarez។ នៅក្នុង​ចម្ងាយ 11 ម៉ែត្រ Messi ក៏​ស៊ុត​ផ្ដាច់​សំដៅ​ជ្រុង​ខាងស្ដាំ ផ្នែក​ខាងលើ ប៉ើង​សំណាញ់​របស់ ក្រូ​អាត។ គ្រាប់​បាល់​នេះ​បាន​ជួយ​ឱ្យ Messi ក្លាយជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​សម្រាប់ អា​ហ្ស​ង់​ទីន នៅ World Cup (ដោយ​រកបាន 11 គ្រាប់)។ អ្នកគ្រប់គ្រង​កំណត់ត្រា​នេះ​មុន​នោះ​គឺ Batistuta ដោយ​រកបាន 10 គ្រាប់ ចំណែក Diego Maradona រកបាន 8 គ្រាប់។

ក្នុងចំណោម 11 គ្រាប់​ដែល Messi បាន​រកបាន​នៅ World Cup មាន 5 គ្រាប់​នៅ កាតា, 1 គ្រាប់​នៅ អាល្លឺម៉ង់ ឆ្នាំ 2006, 4 គ្រាប់​នៅ ប្រេ​ស៊ី​ល ឆ្នាំ 2015 និង 1 គ្រាប់​នៅ រុស្ស៊ី កាលពី​ឆ្នាំ 2018។

World Cup 2022 គឺជា​ឱកាស​ចុងក្រោយ​សម្រាប់ Messi ដើម្បី​ដណ្ដើម​ពាន់រង្វាន់​ជើងឯក​ពិភពលោក នៅពេល​ឈានចូល​ដល់​វ័យ 35 ឆ្នាំ។ ម្ចាស់​ពានរង្វាន់​បាល់​មាស​ចំនួន 7 នេះ កំពុង​ឆ្លងកាត់​រដូវ​កាល World Cup ជោគជ័យ​បំផុត ដោយ​រកបាន 5 គ្រាប់ និង​បង្ក​ឱកាស​ជោគជ័យ​បាន 3 គ្រាប់។

Messi ក៏​ជា​កីឡា​ករទី 5 ដែល​រកបាន​គ្រាប់​បាល់​ក្នុង 3 ប្រកួត​នៅ​វគ្គ​ជម្រុះ​ផ្ទាល់​នៅ World Cup 2022 ពេល អា​ហ្ស​ង់​ទីន បានឈ្នះ អូស្ត្រាលី ក្នុង​វគ្គ 1/8 (វគ្គ 8 គូ), ឈ្នះ ហូ​ឡង់ នៅ​វគ្គ 1/4 (វគ្គ 4 គូ) និង​ឈ្នះ ក្រូ​អាត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (វគ្គ 2 គូ)។

ជ័យជម្នះ​លើ ក្រូ​អាត កាលពី​យប់មិញ (13 ធ្នូ 2022) ក៏​ជួយ​ឱ្យ Messi ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក​ដែល​រកបាន​គ្រាប់​បាល់​ផង និង​បង្ក​ឱកាស​បាន​ជោគជ័យ​ផង​នៅក្នុង 4 ប្រកួត​នៅ World Cup។ នៅមុន 3 ប្រកួត​នៅ កាតា លើក​នេះ Messi ជា​លើកដំបូង​បាន​រកបាន​គ្រាប់​បាល់​ផង និង​បង្ក​ឱកាស​បានសម្រេច​ផង​នៅក្នុង​ការប្រកួត​រវាង អា​ហ្ស​ង់​ទីន និង ស៊ែ​ប៊ី នៅ អាល្លឺម៉ង់ កាលពី​ឆ្នាំ 2006។

ដោយ​រកបាន 11 គ្រាប់ និង​បង្ក​ឱកាស​បាន​ជោគជ័យ 8 គ្រាប់ Messi បាន​ចូលរួម​ក្នុង​ជ័យជម្នះ 19 គ្រាប់​នៅ World Cup ដែល​នេះ​បាន​នាំឱ្យ​គាត់​ឡើងទៅ​ចែករំលែក​កំណត់ត្រា​ស្ដីពី​កីឡាករ​រកបាន​គ្រាប់​បាល់ និង​បង្ក​ឱកាស​ជោគជ័យ​បាន​ច្រើនជាងគេ​នៅ World Cup ដែល​មុន​នោះ​គឺជា​កំណត់ត្រា​របស់ Miroslav Klose, Ronaldo Nazario និង Gerd Muller។

វត្តមាន​ក្នុងការ​ប្រកួត​ជាមួយ ក្រូ​អាត កាលពី​យប់​ថ្ងៃទី 13 ធ្នូ 2022 ក៏​ជួយ​ឱ្យ Messi បង្កើតបាន​តុល្យភាព​ស្ដីពី​កីឡាករ​ទាត់ 25 ប្រកួត​នៅ World Cup របស់​អតីត​ខ្សែប្រយុទ្ធ​នៃ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Lothar Matthaus ផងដែរ។ Messi នឹង​បំបែក​កំណត់ត្រា​នេះ​នៅពេល​ចូលរួម​ការប្រកួត​រវាង អា​ហ្ស​ង់​ទីន និង​ក្រុម​ដែល​បានឈ្នះ​ក្នុងការ​ប្រកួត​រវាង បារាំង និង ម៉ា​រ៉ុ​ក ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នាពេលខាងមុខ៕

Advertisement