Messi ជួយ​ឱ្យ អា​ហ្ស​ង់​ទីន បាន​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2022

Lionel Messi រួមចំណែក​បាន 1 គ្រាប់ និង​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន 1 គ្រាប់ ខណៈដែល Julian Alvarez រកបាន 2 គ្រាប់ ជួយ​ឱ្យ អា​ហ្ស​ង់​ទីន ឈ្នះ ក្រូ​អាត 3-0 នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់ World Cup 2022 កាលពី​យប់​ថ្ងៃទី 13 ធ្នូ។

នៅមុន​ការប្រកួត​​ប្រ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Josko Gvardiol ត្រូវបាន​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា​ខ្សែការពារ​កណ្ដាល​ឆ្នើម​បំផុត​របស់​ ក្រូអាត ក៏​ដូច​ជា​នៅ World Cup 2022។ ប៉ុន្តែ នៅពេល​ប្រឈម​នឹង Messi នៅ​នាទី​ទី 69 កីឡាករ​ឆ្នើម​របស់ ក្រូ​អាត ក៏ត្រូវ​​ចាញ់​រហូតដល់ 3 ដង​នៅ​ស្លាប​ខាងស្ដាំ មុនពេល​អស់ខ្យល់ និង​បណ្ដោយ​ឱ្យ​​​កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បណ្ដើរ​បាល់​ទៅកាន់​តំបន់​គ្រោះថ្នាក់ ហើយ​បញ្ជូនទៅឱ្យ Julian Alvarez ស៊ុត​បញ្ចូល​ទី​បានសម្រេច នាំឱ្យ ក្រូ​អាត ត្រូវ​ចាញ់ អា​ហ្ស​ង់​ទីន 3-0។

Josko Gvardiol មាន​វ័យ​ទើបតែ 20 ឆ្នាំ ចំណែក Messi អាយុ 35 ឆ្នាំ។ អាយុ​របស់​ពួកគេ​ហាក់បាន​​បញ្ច្រាស​ត្រឡប់​គ្នា​នៅក្នុង​ឈុត​បង្ក​​ឱកាស​ក្នុងការ​ស៊ុត​ផ្ដាច់​ខាងលើ។ Messi ពេលនោះ ប្រៀបដូចជា​កំលោះ​ដែលមាន​កម្លាំង​ខ្លាំង និង​ពោរពេញ​ដោយ​មហិច្ឆតា ខណៈដែល Gvardiol បាត់បង់​សមត្ថភាព​រហូតដល់​អ​ស់​សង្ឃឹម​នៅពេល​ត្រូវ​ប្រឈម​នឹង​ម្ចាស់​គ្រាប់​បាល់​មាស​ចំនួន 7 របស់ អា​ហ្ស​ង់​ទីន។

នេះ​គឺជា​លើក​ទី​បី​ហើយ​នៅ World Cup 2022 ដែល Messi រកបាន​គ្រាប់​បាល់​ផង និង​បង្ក​ឱកាស​ផង​នៅក្នុង​មួយ​ប្រកួត។ Messi បង្កើត​កំណត់ត្រា 4 លើក​ស្ដីពី​​ប្រការ​ខាងលើនេះ​នៅក្នុង​ប្រវត្តិសាស្ត្រ World Cup។

មិន​ត្រឹមតែ Messi នោះទេ អា​ហ្ស​ង់​ទីន នៅមាន​អ្នកខ្លាំង​មួយរូប​ទៀត​នៅក្នុង​ការប្រកួត​ជាមួយនឹង ក្រូ​អាត កាលពី​យប់មិញ។ Julian Alvarez ដែលជា​អ្នកគាំទ្រ Messi តាំងតែ​ពី​តូច ក៏​រកបាន 2 គ្រាប់​នៅក្នុង​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនេះ។ ខ្សែប្រយុទ្ធ​វ័យ 22 ឆ្នាំ​រូបនេះ ក៏​រកបាន​បាល់​ពិន័យ​ប៉េ​ណាំង​ទី ដើម្បីឱ្យ Messi ស៊ុត​ប៉ើង​សំណាញ់​របស់ ក្រុម​ក្រូ​អាត។

អា​ហ្ស​ង់​ទីន នៅមាន​ឱកាស​ច្រើន​ទៀត​ដើម្បី​ឈ្នះ ប៉ុន្តែ លទ្ធផល 3-0 ក៏​គ្រប់គ្រាន់​សម្រាប់ Messi និង​ក្រុម​របស់គាត់៕

Advertisement