គ្រូបង្វឹក Luis Enrique ថា «Messi ស័ក្ដិសម​នឹងតំណែង​​ជើងឯក World Cup»

Lionel Messi

អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Luis Enrique ចង់ឃើញ Lionel Messi បញ្ចប់​អាជីព​ដែល​ឡើងដល់​កម្រិត​កំពូល​របស់ខ្លួន​ដោយ​នាម​ជា​ជើងឯក World Cup 2022 ជាមួយនឹង អា​ហ្ស​ង់​ទីន។

«នៅពេល អេ​ស្ប៉ា​ញ មិនអាច​បន្តដំណើរ​ទៅមុខ ខ្ញុំ​ចង់ឱ្យ អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក World Cup ព្រោះថា Lionel Messi ស័ក្ដិសម​នឹង​ទទួល​បាន» គ្រូបង្វឹក Enrique ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី 12 ធ្នូ​ដូច្នេះ។

«មេទ័ព» វ័យ 52 ឆ្នាំ​រូបនេះ​ធ្លាប់បាន​និយាយ​ដល់​ប្រការនេះ​នៅមុន World Cup ចាប់ផ្ដើម​ការប្រកួត​នៅ កាតា។ ក្រុម​អេ​ស្ប៉ា​ញ របស់ Enrique បាន​ចាញ់​នៅ​វគ្គ 1/8 ក្រោម​ថ្វី​ជើង​របស់ ក្រុម​ម៉ា​រ៉ុ​ក ខណៈដែល អា​ហ្ស​ង់​ទីន ប៉ះ ក្រូ​អាត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​វេលា​ម៉ោង 2 ថ្ងៃទី 14 ធ្នូ​ខាងមុខ។

«ជាមួយនឹង​អ្វីដែល Messi បានរួម​ចំណែក​ក្នុង​ពិភព​បាល់ទាត់ នឹងមិន​យុត្តិធម៌​ឡើយ​បើសិន​គាត់​ព្យួរ​ស្បែកជើង​ដោយ​មិនទាន់មាន​តំណែង​ជើងឯក World Cup» គ្រូបង្វឹក Enrique បន្ថែម​ដូច្នេះ។ យោងតាម​អតីត​ខ្សែបម្រើ​របស់ Barca កីឡាករ Messi នៅតែមាន​កម្លាំង និង​ចំណូលចិត្ត​គ្រប់គ្រាន់​ដើម្បី​ប្រកួត​សម្រាប់ អា​ហ្ស​ង់​ទីន នៅក្នុង​ការប្រកួត​ដែល​នៅសល់​របស់ World Cup លើក​នេះ។

លោក Enrique ធ្លាប់បាន​ដឹកនាំ Messi កាលពី​លេង​ឱ្យ Barca ក្នុងអំឡុង​ពី​ឆ្នាំ 2014 ដល់ 2017។ ពួកគេ​រួមគ្នា​ដណ្ដើម​បាន​​ពាន​រង្វាន់​​ពីរ​នៅ La Liga, 3 ពានរង្វាន់​នៅ Copa del Rey, 1 ពាន់​រង្វាន់​នៅ Champions League និង 1 ពាន់​រង្វាន់​នៅ FIFA Club World Cup។ ក្រោយមក គ្រូបង្វឹក Enrique បាន​ដឹកនាំ​ក្រុម​អេ​ស្ប៉ា​ញ ប៉ុន្តែ​មិនទាន់​ដណ្ដើម​បាន​ពាន​រង្វាន់​ណា​មួយ​។ លោក Enrique ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ បញ្ចប់​កិច្ចសន្យា​កាលពី​ថ្ងៃទី 07 ធ្នូ ក្រោយពីត្រូវ​បាន​ជម្រុះ​​នៅ World Cup 2022។

Messi កំពុង​លេង​នៅ World Cup ក្នុង​រដូវ​កាល​ទី 5 ហើយ​នេះ​ក៏​អាចជា​រដូវ​កាល​ចុងក្រោយ​នៃ​អាជីព​របស់គាត់។ នៅ World Cup 2022 គិត​ត្រឹម​ពេលនេះ Messi រក​បាល់​បាន 4 គ្រាប់ និង​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​ជោគជ័យ​បាន 2 គ្រាប់៕

Advertisement