(World Cup 2022) – ការតាមរក​ទិញ​សំបុត្រ​ក្នុង​ផ្សារងងឹត​ដើម្បី​ចូល​ទស្សនា

អ្នកគាំទ្រអាហ្សង់ទីន 2 នាក់ កាន់ទូរស័ព្ទបង្ហាញអក្សរ «ខ្ញុំត្រូវការសំបុត្រ» នៅខាងក្រៅកីឡដ្ឋាន 974 នៅ ដូហា ប្រទេសកាតា កាលពីថ្ងៃទី 30 វិច្ឆិកា 2022

Ashraf Ali ទៅដល់​កីឡដ្ឋាន 974 រយៈពេល 6 ម៉ោង មុនពេល​បាល់​ចាប់ផ្ដើម​រមៀល​ក្នុងការ​ប្រកួត​រវាង អា​ហ្ស​ង់​ទីន និង ប៉ូឡូញ កាលពី​យប់​ថ្ងៃទី 30 វិច្ឆិកា ប៉ុន្តែ អស់សង្ឃឹម ដោយសារតែ​មិនអាច​ទិញ​បាន​សំបុត្រ​ចូល​ទស្សនា ហើយក៏​បាន​លើក​បដា​សរសេរ​ដោយ​ដៃ​ថា «ខ្ញុំ​ត្រូវការ​សំបុត្រ»។

មនុស្ស​ម្នាក់ ក្រោយមក​ក៏បាន​ចូលមក​ក្បែរ និង​ស្នើ​លក់​សំបុត្រ​មួយ​សន្លឹក​ឱ្យ Ali ក្នុងតម្លៃ 2,000 ដុល្លារ​អាម៉េរិក ខ្ពស់ជាង 9 ដង ធៀប​នឹង​តម្លៃ​ដើម។ តម្លៃ​នេះ​ខ្ពស់​ខ្លាំងណាស់​សម្រាប់​អ្នក​គាំ​ទ្រ​វ័យ 30 ឆ្នាំ មកពី អេ​ហ្ស៊ី​ប ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ក្នុងការ​ទស្សនាការ​ប្រកួត​របស់ Lionel Messi ដោយផ្ទាល់។

30 នាទី​មុន​ការប្រកួត​ចាប់ផ្ដើម Ali ទិញ​បាន​សំបុត្រ​មួយ​ក្នុងតម្លៃ 500 ដុល្លារ​អាម៉េរិក ដើម្បី​ចូលទៅ​កាន់​កីឡដ្ឋាន ហើយ​ក៏បាន​ទស្សនា ក្រុម​អា​ហ្ស​ង់​ទីន ឈ្នះ ប៉ូឡូញ 2-0។

នៅពេល World Cup 2022 ឈានចូល​ដល់​វគ្គ​ជម្រុះ​ផ្ទាល់​ដែល​ប្រកបដោយ​ភាព​តានតឹង អ្នកគាំទ្រ​ក៏​ប្រមូល​ផ្ដុំគ្នា​កាន់តែច្រើន​នៅ​ខាងក្រៅ​កីឡដ្ឋាន​នានា​នៅ ដូ​ហា ប្រទេស​កាតា ដើម្បី​តថ្លៃ​សំបុត្រ​ជាមួយ​ក្រុម​អ្នកជួញដូរ​សំបុត្រ។ តម្លៃ​សំបុត្រ​សម្រាប់​ទស្សនាការ​ប្រកួត​វគ្គសំខាន់ៗអាច​ត្រូវបាន​ដំឡើង​ខ្ពស់ជាង​ធម្មតា 10 ដង។

ក្រុម​ឈ្មួញ​សំបុត្រ​ហាក់​មិន​ខ្លា​ច​ក្រែង​ចំពោះ​សមត្ថកិច្ច​ដែល​ដើរល្បាត ក៏ដូចជា​កាមេរ៉ា​សុវត្ថិភាព និង​ច្បាប់​ហាម​លក់​សំបុត្រ​ក្នុង​ទីផ្សារងងឹត​នៅ កាតា។ «ទីផ្សារងងឹត​កំពុង​តែមាន​រូបរាង» ឈ្មួញ​សំបុត្រ​ម្នាក់​មកពី ប្រទេស​បារាំង និយាយ​ដូច្នេះ ហើយ​ថា ការងារ​នេះ​ជួយ​ឱ្យ​គាត់​រកបាន​ប្រាក់​ដើម្បី​មើល​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។

បុរស​ម្នាក់​កាន់​បដា «ខ្ញុំ​ត្រូវ​ការ​សំបុត្រ​មួយ» មុន​ការ​ប្រកួត​​កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2022

បុរស​ខាងលើ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា គាត់​លក់​សំបុត្រ​នេះ​ទៅវិញ​ក្នុងតម្លៃ​ខ្ពស់ជាង​​ធម្មតា​ 1,000% សម្រាប់ «អ្នកគាំទ្រ​ដែល​ខ្លាំងក្លា​បំផុត» នៅក្នុង​ការប្រកួត​ដែលមាន​កំពូល​តារាបាល់ទាត់​ដូចជា Messi ឬ Ronaldo ជាដើម។

World Cup 2022 បាន និង​កំពុង​ទាក់ទាញ​ឈ្មួញ​សំបុត្រ​ជំនាញ​មកពី​ជុំវិញ​ពិភពលោក។ អ្នកគាំទ្រ​ប្រហែល 20 នាក់​បាន​បង្ហើប​ប្រាប់ Reuters ថា ពួក​បាន​ទិញ ឬ​បាន​ព្យាយាម​ទិញ​សំបុត្រ​នៅក្នុង​ផ្សារងងឹត​តាមរយៈ​បណ្ដាញ​សង្គម ឬ​ខាងក្រៅ​កីឡដ្ឋាន។

កាលពី​សប្ដាហ៍​កន្លង គណៈកម្មការ World Cup បាន​អំពាវនាវ​ដល់​ក្រុម​អ្នកគាំទ្រ​ថា អ្នក​ដែល​មិនមាន​សំបុត្រ កុំមក​កាន់​កីឡដ្ឋាន បន្ទាប់ពី​មាន​ករណី​​ហ្វូងមនុស្ស​ព្យាយាម​ចូលទៅ​ខាងក្នុង​ដោយការ​ «ជែក» នៅក្នុង​ការប្រកួត​មួយចំនួន។

កន្លែង​លក់​សំបុត្រ​ផ្លូវការនៅ World Cup 2022

ចំណែក​អ្នកការទូត​ម្នាក់​មកពី អាម៉េរិក​ឡាទីន បាន​និយាយថា អាជ្ញាធរ​នៅ កាតា មិនបាន​ចាត់ការ​ឱ្យបាន​តឹងរឹង​ចំពោះ​សកម្មភាព​លក់​សំបុត្រ​ក្នុង​ផ្សារងងឹត ហើយ​ករណី​ភាគច្រើន​ត្រូវបាន​ដាក់ទោស​ត្រឹមតែ​ការពិន័យ​ជា​ប្រាក់។ ស្ថានទូត​បរទេស​នានា​នៅ កាតា មិនទាន់បាន​ទទួលដំណឹង​ណាមួយ​ស្ដីពី​ការបណ្ដេញ​ជនល្មើស​ចេញពី​ប្រទេស​ដោយសារ​ទង្វើ​ជួញដូរ​សំបុត្រ​នេះ​នៅឡើយ៕

Advertisement