(World Cup 2022)- ចាញ់​ប្រេ​ស៊ី​ល 1-4 គ្រូបង្វឹក​របស់ កូរ៉េខាងត្បូង លាលែង​ពី​តំណែង ខណៈ​គ្រូបង្វឹក​របស់​ប្រេ​ស៊ី​ល រាំ​អបអរ​ជ័យជម្នះ

គ្រូបង្វឹករបស់ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង លោក Paulo Bento

(កាតា)- គ្រូបង្វឹក Paulo Bento ប្រកាសថា មិន​ពន្យារ​កិច្ចសន្យា​ជាមួយ ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ភ្លាមៗបន្ទាប់ពី​ការប្រកួត​ចាញ់ ប្រេ​ស៊ី​ល 1-4 នៅ​វគ្គ 8 ក្រុម​របស់ World Cup 2022 កាលពី​យប់​ថ្ងៃទី 05 ធ្នូ។

«ដំណើរ​របស់​យើង​បានបញ្ចប់ ហើយ​ឥឡូវ​គឺជា​ពេលដែល​ត្រូវ​គិត​អំពី​អនាគត។ ខ្ញុំ​នឹង​ឈប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង។ ខ្ញុំ​នឹង​ឈប់សម្រាក ហើយ​ក្រោយមក​នឹង​គិត​មើលថា​នឹងធ្វើ​អ្វី​ទៀត។ ខ្ញុំ​ទើបតែ​បានប្រកាស​ប្រាប់​កីឡាករ និង​ប្រធាន​សម្ព័ន្ធ» លោក Bento និយាយ​ក្រោយពី​ការប្រកួត​នៅ​កីឡដ្ឋាន 974 ដូច្នេះ។

យោងតាម​គ្រូបង្វឹក​ជនជាតិ​ព័រទុយហ្កាល់ ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​តាំងពី​ខែកញ្ញា ប៉ុន្តែ ទើបតែ​ប្រកាស​នៅពេល ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង បញ្ចប់​ការប្រកួត​នៅ World Cup 2022។ លោក Bento ក៏បាន​អះអាងថា មិន​អាចមាន​មោទកភាព​ជាង​នេះ នៅពេល​ដឹកនាំ ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ក្នុង​រយៈពេល 4 ឆ្នាំ​កន្លង។ គ្រូបង្វឹក​រូបនេះ​ថែមទាំង​ចាត់ទុកថា នេះ​គឺជា​ក្រុមបាល់ទាត់​មួយ​ក្នុងចំណោម​ក្រុម​ដែល​ល្អ​បំផុត​ដែល​លោក​ធ្លាប់បាន​ដឹកនាំ​កន្លងមក បើសិន​មិន​ចង់​និយាយថា ល្អផ្ដាច់គេ។

គ្រូបង្វឹករបស់ ក្រុមជម្រើសជាតិប្រេស៊ីល លោក Tite ក្នុងការប្រកួតឈ្នះ កូរ៉េខាងត្បូង 4-

អំពី​ការប្រកួត​ចាញ់ ប្រេ​ស៊ី​ល 1-4 លោក Bento និយាយថា «ខ្ញុំ​ខកចិត្ត​ណាស់​ជាមួយនឹង​លទ្ធផល​នេះ ប៉ុន្តែ​ក៏មាន​មោទកភាព​ខ្លាំង​ចំពោះ​អ្វីដែល​ក្រុម​កីឡាករ​ធ្វើបាន​ក្នុង 4 ឆ្នាំ​កន្លង»។

លោក Bento គ្រប់គ្រង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ចាប់ពី​ខែសីហា 2018 ទៅតាម​កិច្ចសន្យា​ដែល​ត្រូវអស់​សុពលភាព​នៅ​ខែធ្នូ 2022។ លោក Bento ធ្លាប់ជួយ​ឱ្យ ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ក្លាយជា​ជើងឯក​លើក​ទី 5 នៃ​ពានរង្វាន់​បាល់ទាត់​អាស៊ី​ខាងកើត។

https://www.youtube.com/watch?v=3gCYissxkJA

ទន្ទឹមនឹង​ការសោកស្ដាយ​របស់​គ្រូបង្វឹក Bento ក៏ដូចជា ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង គ្រូបង្វឹក​របស់ ប្រេ​ស៊ី​ល ឯណោះ​វិញ បាន​រាំរែក និង​សម្ដែង​ភាពសប្បាយ​រីករាយ​ជាខ្លាំង បន្ទាប់ពី​បាន​យកឈ្នះ កូរ៉េខាងត្បូង 4-1 នៅក្នុង​ការប្រកួត​ខាងលើនេះ៕

Advertisement