Messi ថា «អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​ជើងឯក World Cup 2022»

Messi

(កាតា)- ខ្សែប្រយុទ្ធ និង​ប្រធាន​ក្រុម Lionel Messi បាន​និយាយថា អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព​ដែល​ស័ក្ដិសម​សម្រាប់​តំណែង​ជើងឯក World Cup 2022។

«អា​ហ្ស​ង់​ទីន គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព។ អា​ហ្ស​ង់​ទីន គឺជា​ប្រទេស​មហាអំណាច​មួយ និង​តែងតែ​ជា​ក្រុម​ជម្រើសជាតិ​មួយ​ដែល​ខ្លាំង​បំផុត។ យើង​ដឹងថា ខ្លួន​គឺជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព​ទាំងឡាយ។ ប៉ុន្តែ យើង​ត្រូវ​បង្ហាញ​អំពី​ប្រការ​នោះ​នៅលើ​ទីលាន ហើយ​ធ្វើបាន​ប្រការ​នោះ​នៅ​ចំពោះមុខ អូស្ត្រាលី​រួចហើយ» ទំព័រសារព័ត៌មានរ​បស់ អេ​ស្ប៉ា​ញ Marca ដកស្រង់ និង​ចុះផ្សាយ​សម្ដី​អះអាង​របស់ Messi កាលពី​ថ្ងៃទី 04 ធ្នូ មួយថ្ងៃ​បន្ទាប់ពី អា​ហ្ស​ង់​ទីន យកឈ្នះ អូស្ត្រាលី 2-1 នៅ​វគ្គ 1/8។

នៅលើ​ទីលាន Ahmad bin Ali កាលពី​ថ្ងៃទី 03 ធ្នូ អា​ហ្ស​ង់​ទីន មិនបាន​បង្ក​ឱកាស​ច្រើន​នៅ​ចំពោះមុខ​ខ្សែការពារ​ដ៏​រឹងមាំ​របស់ អូស្ត្រាលី ប៉ុន្តែ រកបាន 2 គ្រាប់​ដោយសារ​ថ្វី​ជើង «បែក​បុគ្គល»។ នាទី​ទី 35 Messi ស៊ុត​បញ្ចូល​ទី រកបាន 1 គ្រាប់​សម្រាប់ អា​ហ្ស​ង់​ទីន។ នាទី​ទី 57 Julian Alvarez ដណ្ដើមបាន​បាល់​ពី​អ្នកចាំទី Matt Ryan ក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​ស៊ុត​ប៉ើង​សំណាញ់​របស់ អូស្ត្រាលី 1 គ្រាប់​ទៀត។

អូស្ត្រាលី ផ្ដើម​ការវាយលុក​ចាប់ពី​ពាក់កណ្ដាល​ចុង​តង់​ទី​ពីរ និង​រកបាន 1 គ្រាប់​ដោយសារ​ថ្វី​ជើង​របស់ Enzo Fernandez។ បញ្ចប់​ការប្រកួត អា​ហ្ស​ង់​ទីន នាំមុខ អូស្ត្រាលី 2-1។

នៅពេល អា​ហ្ស​ង់​ទីន ប៉ះ​នឹង ហូ​ឡង់ នៅ​វគ្គ 8 ក្រុម​នៅលើ​កីឡដ្ឋាន Lusail នា​ថ្ងៃទី 09 ធ្នូ​ខាងមុខ Messi មាន​គោលដៅ​ផ្ដោតទៅលើ​ឯតទគ្គ​កម្ម​ស៊ុត​បញ្ចូល​ទី 10 គ្រាប់​នៅ World Cup របស់ Gabriel Batistuta ក្រោយពី​ឆ្លង​ផុត​សមិទ្ធផល​របស់​អតីត​កំពូល​តារាបាល់ទាត់ Diego Maradona របស់ អា​ហ្ស​ង់​ទីន៕

Advertisement