អាល្លឺម៉ង់ ត្រូវបាន​ជម្រុះ​ចេញពី World Cup 2022 ខណៈ ជប៉ុន និង អេ​ស្ប៉ា​ញ បាន​បន្តដំណើរ

កូស្តារីកា «ធ្វើបាប» អាល្លឺម៉ង់ ជាបន្តបន្ទាប់នៅក្នុងតង់ទី 2 នៃការប្រកួតជុំចុងក្រោយរបស់វគ្គចែកពូលនៅ World Cup 2022

បើទោះជា​ឈ្នះ កូ​ស្តា​រី​កា 4-2 នៅ​ជុំ​ចុងក្រោយ​នៃ​វគ្គ​ចែក​ពូ​ល​កាលពី​យប់​ថ្ងៃទី 01 ធ្នូ ប៉ុន្តែ អាល្លឺម៉ង់ បានត្រឹមតែ​ឈរ​លំដាប់​ទី 3 ក្នុង​ពូ​ល E ហើយ​ត្រូវ​ចាក​ចេញពី World Cup 2022។

អាល្លឺម៉ង់ ឈរ​នៅ​ចំពោះមុខ​ឱកាស​ដើរ​បន្ត នៅពេល អេ​ស្ប៉ា​ញ នាំមុខ ជប៉ុន ដូច​ទៅនឹង អាល្លឺម៉ង់ នេះ​មុខ កូ​ស្តា​រី​កា។ ប៉ុន្តែ មកដល់​តង់​ទី 2 អេ​ស្ប៉ា​ញ និង អាល្លឺម៉ង់ ត្រូវ​ប៉ើង​សំណាញ់​ជា​បន្តបន្ទាប់ និង​ត្រូវគេ​នាំមុខ 2-1។ លទ្ធផល​នេះ​ធ្វើឱ្យ អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ត្រូវ​ខ្ទាត​ចេញពី World Cup 2022។

រហូតដល់​ចុង​តង់​ទី 2 ទើប អាល្លឺម៉ង់ អាច​កែប្រែ​ស្ថានការណ៍។ ប៉ុន្តែ ជ័យជម្នះ 4-2 គ្រាន់តែ​អាចជួយ​ឱ្យ អេ​ស្ប៉ា​ញ ដើរ​បន្ត ដោយ​មិនអាច​សង្គ្រោះ អាល្លឺម៉ង់ បាន នៅ World Cup 2022។ មាន​ពិន្ទុ 4 ស្មើគ្នា ប៉ុន្តែ អាល្លឺម៉ង់ ត្រូវ​ឈរ​ក្រោយ អេ​ស្ប៉ា​ញ ព្រោះតែ​ការ​គណនា​តាម​រូបមន្ត​លេខ +1 ធៀប​នឹង +6។ ជប៉ុន ឈរលើ​គេ​ដោយ​រកបាន 6 ពិន្ទុ ព្រោះ​បានឈ្នះ អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ចំណែក កូ​ស្តា​រី​កា ឈរ​បាត​តារាង ដោយមាន 3 ពិន្ទុ។

ទឹកមុខ​ក្រៀម​ក្រំ​របស់​ក្រុម​កីឡាករ​អាល្លឺម៉ង់ បន្ទាប់​ពី​ត្រូវ​ជម្រុះ​ពី World Cup 2022

ដូច្នេះ អាល្លឺម៉ង់ មិនអាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅក្នុង 2 រដូវ​កាល World Cup បន្តបន្ទាប់​ចុងក្រោយ​នេះ។ នៅលើ​ទឹកដី​របស់ រុស្ស៊ី កាលពី 4 ឆ្នាំមុន អាល្លឺម៉ង់ ពេលនោះ​ក៏​ស្ថិតនៅ​បាត​តារាង បន្ទាប់ពី កូរ៉េខាងត្បូង ម៉ិ​ក​ស៊ី​ក និង ស៊ុយអែត។ មុន​នោះ អាល្លឺម៉ង់ សុទ្ធតែ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅក្នុង 16 រដូវ​កាល​របស់ World Cup រាប់​ចាប់ពី​ឆ្នាំ 1954៕

Advertisement