World Cup 2022 – អង្គភាព​ពិសេស​របស់ FIFA ​ប្រឆាំង​​​ឧបាយកល​​​នៃ​ការ​រៀបចំ​លទ្ធផល​ជា​មុន​

ក្រុមហ៊ុន​បច្ចេកវិទ្យា​កីឡា​របស់ ស្វ៊ី​ស Sportradar ត្រូវបាន FIFA ប្រគល់​ភារកិច្ច​ស្វែងរក​ភាពមិនប្រក្រតី​នៅក្នុង​ទីផ្សារ​ល្បែងភ្នាល់ ដើម្បី​វែក​រកមុខ​ការប្រកួត​ដែល​សង្ស័យថា មានការ​រៀបចំ​លទ្ធផល​ជាមុន។

Sportradar តាមដាន​ការប្រកួត​ទាំង 64 នៅក្នុង​តារាង​កាលបរិច្ឆេទ​ប្រកួត។ ក្រៅពី​ភា​រិ​កិ​ច្ចនេះ ពួកគេ​ក៏​សហការ​ជាមួយ ការិយាល័យ​ស៊ើបអង្កេត​សហរដ្ឋ​អាម៉េរិក (FBI) និង​ប៉ូលិស​អន្តរជាតិ (Interpol) ផងដែរ។

«បាល់ទាត់​គឺជា​កីឡា​ដែល​ទាក់ទាញ​បំផុត​ចំពោះ​ក្រុម​អ្នករៀបចំ​ឧបាយកល​គ្រប់គ្រង​លទ្ធផល។ នៅ World Cup ឆ្នាំនេះ យើង​សន្និដ្ឋានថា ការប្រកួតនីមួយៗមានការ​ភ្នាល់​រហូតដល់​ជាង 1 ពាន់​លាន​ដុល្លារ​អាម៉េរិក» Andreas Krannich ដែលជា​មេដឹកនាំ​មួយរូប​នៅ Sportradar និយាយ​អំពី​កម្រិត​នៃ​សកម្មភាព​នៅក្នុង​ទីផ្សារ​ល្បែងភ្នាល់ ក្នុង​រដូវ​កាល World Cup 2022។ ចំណែក​ទស្សនាវដ្ដី​អាម៉េរិក Forbes បាន​ព្យាករ​ថា ប្រាក់​ភ្នាល់​បាល់​សរុប​នៅ​រដូវ​កាល​បាល់ទាត់​ពិភពលោក​នៅ កាតា នឹង​ឡើងដល់ 160 ពាន់​លាន​ដុល្លារ​អាម៉េរិក។

Krannich យល់ថា កីឡាករ និង​អាជ្ញាកណ្ដាល​ដែល​សុខចិត្ត​ទទួល​សំណូក​នឹង​ដូច​ទៅនឹង​មេដឹកនាំ​អាក្រក់​នៅ​ក្រុង​ហិរញ្ញវត្ថុ Wall Street របស់ New York។ «ការរៀបចំ​លទ្ធផល​បាល់ទាត់​ក៏​ដូច​ទៅនឹង​ការជួញដូរ​ភាគហ៊ុន​ខុសច្បាប់។ ឱ្យ​តែមាន​ព័ត៌មាន​ផ្ទៃក្នុង​ពេល​ណា​ ​គឺ​ប្រាក់​ច្រើនសន្ធឹក​នឹងត្រូវ​បាន​គេ​ជះ​ចូល»។

យោងទៅតាម​គោលការណ៍​ស្នូល​​នេះ ក្រុម​អ្នកជំនាញ​នៅ Sportradar នឹង​កត់ត្រា​ភាពមិនប្រក្រតី​ដែល​បាន​ប្រែប្រួល​នៅក្នុង​ទីផ្សារ​ល្បែងភ្នាល់។ សញ្ញា​គន្លឹះ​ចំនួន​ពីរ​ដែល​អាច​ប្រាប់ថា ការប្រកួត​មួយ​​មាន​ធាតុ​ផ្សំ​ពី​ល្បែង​ចាក់​ភ្នាល់ នោះ​គឺ​ការប្រែប្រួល​ខ្លាំង​របស់​គណនី​ភ្នាល់​ដែល​ត្រូវបាន​គេ​ចុះឈ្មោះ និង​លំហូរ​នៃ​ប្រាក់​ភ្នាល់​ទៅលើ​ការប្រកួត​នោះ។ Krannich ឱ្យដឹងថា គ្រាន់តែ​មើលទៅ​លើ​ចំនួន​ទឹកប្រាក់​ក៏​ដឹងថា​ក្រុម​ណា​នឹង​ឈ្នះ។

អង្គភាព​ពិសេស​ប្រឆាំង​ល្បែង​ភ្នាល់ Sportradar នៅ​ World Cup 2022

នៅ Word Cup 2018 Sportradar ធ្លាប់ជួយ​ដល់​សមត្ថកិច្ច​រកឃើញ​ករណី​រៀបចំ​លទ្ធផល​ក្នុងការ​ប្រកួត​រវាង អាហ្វ្រិក​ខាងត្បូង-សេ​ណេ​ហ្កា​ល់ នៅ​វគ្គ​ជម្រុះ​តំបន់ កាលពី​ថ្ងៃទី 12 វិច្ឆិកា 2016។ ពេលនោះ អាជ្ញាកណ្ដាល Joseph Lamptey ជនជាតិ​ហ្កា​ណា អនុញ្ញាតឱ្យ អាហ្វ្រិក​ខាងត្បូង ទាត់​បាល់​ពិន័យ​ក្រោម​មូល​ហេតុថា ខ្សែការពារ Kalidou Koulibaly លេង​បាល់​ដោយ​ដៃ បើទោះជា​ការពិត​បង្ហាញ​ថា បាល់​បាន​ប៉ះ​ជើង​កីឡាករ​នេះ។

ចុងក្រោយ អាហ្វ្រិក​ខាងត្បូង បានឈ្នះ 2-1។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក Sportradar និង​ដៃគូ​សហការ​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏បាន​ប្រកាស​ទិន្នន័យ និង​ភ័ស្ដុតាង​ស្ដីពី​ការប្រែប្រួល​ខុស​ប្រក្រតី​នៅលើ​ទីផ្សារ​ភ្នាល់ និង​បង្ហាញថា ក្រុមអ្នកលេង​ល្បែងភ្នាល់​បានដឹង​លទ្ធផល​មុន។ ក្រោយពី​មាន​លទ្ធផល​នៃ​ការស៊ើបអង្កេត FIFA ក៏បាន​សម្រេចចិត្ត​ព្យួរការងារ​ជា​អាជ្ញាកណ្ដាល​របស់ Joseph Lamptey ជា​រៀងរហូត។

កាលពី​ឆ្នាំ​កន្លង Sportradar បាន​រកឃើញ 500 ប្រកួត​ដែល​គួរឱ្យ​សង្ស័យ ប៉ុន្តែ​ឆ្នាំនេះ គិត​ត្រឹម​ពាក់កណ្ដាល​ខែវិច្ឆិកា ពួកគេ​រកឃើញ 700 ករណី។ ចំណែក​ទិន្នន័យ​រួម​បង្ហាញថា មាន 1,100 ប្រកួត​គួរឱ្យ​សង្ស័យ ខណៈដែល​ពេញ​មួយឆ្នាំ​កន្លង មាន 903 ករណី៕

Advertisement