អ៊ីរ៉ង់ ឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​មកពី អឺរ៉ុប ជា​លើកដំបូង​នៅ World Cup

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់ នៅ World Cup 2022

ការ​ផ្ដួល​ក្រុមបាល់ទាត់​របស់ ប្រទេស​វ៉ែល​ស៍ ដោយ​លទ្ធផល 2-0 គឺជា​ជ័យជម្នះ​លើកដំបូង​ដែល​ក្រុម​ជម្រើសជាតិ​របស់ អ៊ីរ៉ង់ យកឈ្នះ​លើ​ក្រុម​មកពី អឺរ៉ុប នៅក្នុង​ការប្រកួត​បាល់​ទាត់​ពិភពលោក World Cup។

នៅក្នុង 4 រដូវ​កាល​មុន​របស់ World Cup អ៊ីរ៉ង់ បាន​ប៉ះ​ក្រុមបាល់ទាត់​មកពី អឺរ៉ុប ចំនួន 6 ប្រកួត ក្នុងនោះ​មានតែ 1 ប្រកួត​ប៉ុណ្ណោះ ដែល អ៊ីរ៉ង់ បាន «ស្មើមុខ ស្មើ​មាត់» នៅពេល​ទាត់​ជាមួយ​ក្រុម​របស់ ព័រទុយហ្កាល់ ក្នុង​វគ្គ​ជម្រុះ​កាលពី​ឆ្នាំ 2018 ដែល​ទទួលបាន​លទ្ធផល 1-1។

ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ បាន​ចាញ់ យូ​ហ្គោ​ស្លា​វី (ឈ្មោះ​ចាស់) 0-1, ចាញ់ អាល្លឺម៉ង់ 0-2 ក្នុង​ឆ្នាំ 1998, ចាញ់ ព័រទុយហ្កាល់ 0-2 ក្នុង​ឆ្នាំ 2006, ចាញ់ បូ​ស្នី & ហឺ​ហ្សី​ហ្គូ​វី​ណា ឆ្នាំ 2014 និង​ចាញ់ អេ​ស្ប៉ា​ញ 0-1 ក្នុង​ឆ្នាំ 2018។

ជ័យជម្នះ​លើ វ៉ែល​ស៍ (Wales/ វ៉ែល​ស៍ ជា​រាជាណាចក្រ​មួយ​នៅក្នុង​ចក្រភព​អង់គ្លេស) នៅលើ​កីឡដ្ឋាន Ahmed bin Ali នា​ថ្ងៃនេះ ក៏​ទើបតែ​ជា​លើក​ទី 3 ដែល អ៊ីរ៉ង់ ឈ្នះ​ការប្រកួត​នៅ World Cup។ មុន​នោះ អ៊ីរ៉ង់ បាន​ផ្ដួល អាម៉េរិក 2-1 ក្នុង​ឆ្នាំ 1998 និង​ផ្ដួល ម៉ា​រ៉ុ​ក 1-0 ក្នុង​ឆ្នាំ 2018៕

Advertisement