កាតា ច្រានចោល​ការចោទប្រកាន់​ដែលថា «ជួល​មនុស្ស​មក​គាំទ្រ World Cup Qatar 2022»

អាជ្ញាធរ​កាតា បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ដែលថា ប្រទេស​នេះ​បាន​ជួល​មនុ​ស្សមក​ធ្វើជា​អ្នកគាំទ្រ​ក្នុង​ព្រឹត្តិការណ៍ World Cup 2022 បន្ទាប់ពី​វីដេអូ​មួយ​ដែល​បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​បង្ហាញថា ជនជាតិ​ឥណ្ឌា មួយក្រុម​អបអរសាទរ ក្រុម​ជម្រើសជាតិ​អង់គ្លេស។

«អ្នកគាំទ្រ​មកពី​គ្រប់ទិសទី​ក្នុង​ពិភពលោក រួមចំណែក​បង្កើតបាន​ជា​បរិយាកាស​អ៊ូអរ​នៅក្នុង​ស្រុក​នាពេលថ្មីៗនេះ មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួកគេ​បានចាត់ទុក កាតា ជា​ផ្ទះ។ ពួកគេ​ធ្វើ​ការហែក្បួន​ពាសពេញ​ផ្ទៃ​ប្រទេស និង​ទទួល​អំណរ​បណ្ដា​ក្រុម​ជម្រើសជាតិ​ដែល​បានមក​កាន់​សណ្ឋាគារ» គណៈកម្មការ​កំពូល​កាតា 2022 ដែលជា​ស្ថាប័ន​ចាត់ចែង​ព្រឹត្តិការណ៍ World Cup នៅ កាតា បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី 16 វិច្ឆិកា។

«អ្នកសារព័ត៌មាន និង​អ្នកវិភាគ​មួយចំនួន​នៅលើ​បណ្ដាញ​សង្គម មាន​មន្ទិល​ថា តើ​ពួកគេ​ពិតជា​អ្នកគាំទ្រ​មែន ឬ​មិនមែន។ យើងខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​ដែល​គួរឱ្យ​អស់សង្ឃឹម និង​មិនមាន​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នេះ»។

គណៈកម្មការ​កំពូល World Cup Qatar ប្រកាស​ដូច្នេះ​បន្ទាប់ពី​វីដេអូ​មួយ​ដែល​ត្រូវបាន​ចែករំលែកតៗគ្នា​លើ​បណ្ដាញ​សង្គម បង្ហាញថា មាន​អ្នកគាំទ្រ​ជា​ជនជាតិ​ឥណ្ឌា រាប់រយ​នាក់​នៅ កាតា នាំគ្នា​ចេញ​អបអរសាទរ​ដល់ ក្រុម​ជម្រើសជាតិ​អង់គ្លេស នៅពេល​ក្រុម​នេះ​មកដល់​សណ្ឋាគារ​កាលពី​ថ្ងៃទី 15 វិច្ឆិកា។

World Cup 2022 នឹងត្រូវ​បានធ្វើ​ឡើង​នៅ ប្រទេស​កាតា ចាប់ពី​ថ្ងៃទី 20 វិច្ឆិកា​ដល់ 18 ធ្នូ 2022។ ការប្រកួត​ដំបូង​រវាង​ក្រុម​ម្ចាស់ផ្ទះ​កាតា និង អេក្វាទ័រ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី 20 វិច្ឆិកា បន្ទាប់ពី​ពិធី​បើក​ការប្រកួត​នៅ​ទីលាន Al Bayt ជា​កន្លែង​ដែល​អាច​ផ្ទុក​មនុស្ស​បាន 60,000 នាក់៕

Advertisement