តើ​ម្ចាស់​ជើងឯក World Cup 2022 នឹង​ទទួលបាន​​ប្រាក់រង្វាន់​​ប៉ុន្មាន​លាន​​ដុល្លារ​អាម៉េរិក?

(កាតា)- ម្ចាស់​ជើងឯក World Cup 2022 នឹង​ទទួលបាន 42 លាន​ដុល្លារ​អាម៉េរិក ច្រើនជាង 4 លាន​ដុល្លារ​ធៀប​នឹង​ប្រាក់រង្វាន់​ដែល បារាំង បានទទួល​ពី FIFA កាលពី​ឆ្នាំ 2018។

FIFA បាន​ព្យាករ​ថា ប្រាក់ចំណូល​ក្នុង​ឆ្នាំ 2022 នឹងមាន​ចំនួន 4.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ ប្រាក់​ដែល​បាន​ពី​ការលក់​សិទ្ធិ​ផ្សាយ​​បន្ត​តាម​ទូរទស្សន៍​បាន​នាំមក​នូវ​ចំណូល​ឱ្យ​ពួកគេ 2.6 ពាន់​លាន​ដុល្លារ។ កាលពី​ខែមេសា 2022 ស្ថាប័ន​ FIFA កំណត់​យក 440 លាន​ដុល្លារ​សម្រាប់​មូលនិធិ​ប្រាក់រង្វាន់ World Cup 2022 កើន 40 លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ 2018។ World Cup 2014 នៅ ប្រេ​ស៊ី​ល ប្រាក់រង្វាន់​សរុប​គឺ 358 លាន​ដុល្លារ។ ប្រការនេះ​មានន័យថា ប្រាក់រង្វាន់ World Cup បាន​កើន 23% ក្នុង​រយៈ​ពេល​ 2 រដូវ​កាល។

ក្រុមបាល់ទាត់​ដែល​ឈ្នះ​នៅ World Cup 2022 នឹង​ទទួលបាន​ប្រាក់រង្វាន់​ 42 លាន​ដុល្លារ ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក​ចំនួន 3 ចុងក្រោយបង្អស់​គឺ បារាំង បានទទួល 38 លាន​ដុល្លារ, អាល្លឺម៉ង់ បានទទួល 35 លាន​ដុល្លារ និង អេ​ស្ប៉ា​ញ បានទទួល 30 លាន​ដុល្លារ។ មុន​នោះ ម្ចាស់​ជើងឯក​អ៊ីតាលី បានទទួល 20 លាន​ដុល្លារ ក្នុង​ឆ្នាំ 2006, ប្រេ​ស៊ី​ល បានទទួល 8 លាន​ដុល្លារ ក្នុង​ឆ្នាំ 2020។ ក្រោយ​រយៈពេល 20 ឆ្នាំ ប្រាក់រង្វាន់​សម្រាប់​ម្ចាស់​ជើងឯក World Cup បាន​កើនឡើង​ខ្ពស់ជាង​មុនជាង 5 ដង។

ក្រុមបាល់ទាត់​ចំនួន 32 ក្រុម​ដែល​ចូលរួម​ប្រកួត​នៅ World Cup 2022 នឹង​ត្រលប់​ទៅវិញ​ជាមួយនឹង​ប្រាក់រង្វាន់​រាប់លាន​ដុល្លារ អាស្រ័យ​លើ​សមិទ្ធផល​របស់​ពួកគេ។ ក្រុម​ដែល​ចាញ់​នៅក្នុង​វគ្គ​ចែក​ពូ​ល​នឹង​ទទួលបាន​ 9 លាន​ដុល្លារ, វគ្គ 1/8 នឹង​បានទទួល 13 លាន​ដុល្លារ និង​វគ្គ 8 ក្រុម​ចុងក្រោយ (quarter-final) នឹង​ទទួល​បាន​ 17 លាន​ដុល្លារ​។ ក្រុម​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ 4 នឹង​ទទួល​បាន​​ប្រាក់រង្វាន់ 25 លាន​ដុល្លារ, ក្រុម​ជាប់​លេខ 3 នឹង​ទទួល​បាន​ 27 លាន​ដុល្លារ ខណៈដែល​ក្រុម​ជាប់​លេខ 2 នឹង​ទទួលបាន 30 លាន​ដុល្លារ៕

Advertisement