ដើម្បី​ក្តីសង្ឃឹម World Cup…អា​ហ្ស​ង់​ទីន ត្រូវតែ​ឈ្នះ​ជាដាច់ខាត​ពេល​ប៉ះ អេក្វាទ័រ

ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ត្រូវតែ​ដណ្តើម​ជ័យជម្នះ​ឲ្យ​បានជា​ដាច់ខាត នៅពេលដែល​ធ្វើដំណើរ​ទៅ​ជួប​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេក្វាទ័រ ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ​នៃ​តំបន់​អាមេរិក​ខាងត្បូង​របស់​ពួកគេ​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ (ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ពុធ នៅ​កម្ពុជា) ខណៈដែល​យុទ្ធនាការ World Cup ឆ្នាំ2018ខាងមុខនេះ កំពុងតែ​ប្រឈមមុខ​នឹង​ការ​អវត្តមាន​តារា​ឆ្នើម​បំផុត​របស់​ពិភពលោក​គឺ Lionel Messi។

ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ទទួលបាន​ត្រឹម​លទ្ធផល​ស្មើ ០-០ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប៉េ​រូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​មិន​ត្រឹមតែ​ធ្វើឱ្យ​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​កំពូល​ទាំង4ដែល​ត្រូវ​ឈ្នះ​សិទ្ធិ​ជា​ស្វ័យប្រវត្តិ​នៅ​កាន់​ប្រទេស​រុស្ស៊ី នៅ​ឆ្នាំក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​លេខ5 ដែលជា​កៅអី​សម្រាប់​លេង​វគ្គ Playoff ជាមួយនឹង​ក្រុម​ជម្រើសជាតិ​នូ​វែ​សេ​ឡង់ ទៀតផង។ ជាមួយនឹង​ការ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6 បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ត្រូវតែ​ឈ្នះ​ជាដាច់ខាត​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​លើ​ទឹកដី​ក្រុម​ជម្រើសជាតិ​អេក្វាទ័រ នៅ​ថ្ងៃ​អង្គារ​នេះ។

រយៈពេល 2ឆ្នាំមុន ក្រោយពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បានចាប់ផ្តើម​យុទ្ធនាការ​ជម្រុះ​របស់​ពួកគេ​ជាមួយនឹង​ការបរាជ័យ 2-០ លើ​ទឹកដី​ខ្លួនឯង ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​អេក្វាទ័រ ក្រុម​របស់លោក Jorge Sampaoli នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Quito ដើម្បី​ជួប​ជាមួយនឹង​អេក្វាទ័រ​នេះ​ម្តងទៀត​ជាមួយនឹង​ក្តីសង្ឃឹម​ដ៏​ទាប​បំផុត។ ប៉ុន្តែ ស្រប​ពេលដែល​ក្រុម​ឈរ​លេខ3 ស៊ី​លី (26ពិន្ទុ) និង​ក្រុម​ឈរ​លេខ7 ប៉ា​រ៉ា​ហ្គា​យ (24ពិន្ទុ) កំពុងតែ​ដេញតាម​ពីក្រោយ​គ្នា​ត្រឹមតែ2ពិន្ទុ​នោះ ការប្រែប្រួលផ្សេងៗអាច​នឹងត្រូវ​កើតឡើង។

ទោះបីជា​យ៉ាងណា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន អាច​នឹង​លួង​ចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​បាន ប្រសិនបើ​ពួកគេ​ដណ្តើមបាន3ពិន្ទុ​ដ៏​សំខាន់​នេះ។ ប៉ុន្តែ ការដណ្តើម​ជ័យជម្នះ​នៅលើ​ទឹកដី​ដែលមាន​សម្ពាធ​ខ្យល់​ទាប​នៃ​ទីក្រុង Quito  និង​ដែលមាន​កម្ពស់​ខ្ពស់ជាង​កម្រិត​ទឹកសមុទ្រ​ចំនួន2,850ម៉ែត្រ​នេះ ប្រហែល​មិនមែនជា​រឿង​ងាយស្រួល​ឡើយ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង6:3០ព្រឹក​ថ្ងៃ​ពុធ៕

ប្រភពពី៖ Sport24

Advertisement