អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ រួមគ្នា​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ2030

ប្រទេស​អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ នឹង​រួមគ្នា​បង្កើត​ការដេញថ្លៃ​មួយ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំ2030។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ប្រធានាធិបតី​របស់​ប្រទេស​ទាំងបី​កាលពី​ថ្ងៃ​ពុធ។

លោក Horacio Cartes ប្រធានាធិបតី​របស់​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ បានបញ្ជាក់​កាលពី​ខែសីហា​ថា ប្រទេស​របស់លោក​នឹងចូលរួម​ដាក់សំណើ​ដេញថ្លៃ​ដែល​ត្រូវបាន​ចូលរួម​ដោយ​ប្រទេស​អា​ហ្ស​ង់​ទីន និង​អ៊ុយ​រូ​ហ្គា​យ ដែល​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ និង​បានឈ្នះ​ពាន World Cup ដំបូង​គេ កាលពី​ឆ្នាំ1930។ លោក Cartes បាន​ចូលរួម​ប្រជុំ​ជាមួយនឹង​ប្រធានាធិបតី​របស់​ប្រទេស​អា​ហ្ស​ង់​ទីន និង​អ៊ុយ​រូ​ហ្គា​យ គឺ​លោក Mauricio Macri និង​លោក Tabare Vazquez ក្នុង​ទីក្រុង Buenos Aires កាលពី​ថ្ងៃ​ពុធ ដើម្បី​ធ្វើការ​ប្រកាស​ជា​ផ្លូវការ។ លោក Cartes បាន​ឲ្យ​ដឹងថា៖ «កិច្ចប្រជុំ​ជា​លើក​ទី1សម្រាប់​ការរៀបចំ​ការដេញថ្លៃ​នេះ នឹងត្រូវ​រៀបចំឡើង​នៅ​សប្តាហ៍​ទី1នៃ​ខែវិច្ឆិកា។

ប្រទេស​ផ្សេងទៀត​ក៏​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​ដែរ ប៉ុន្តែ វា​នឹង​មានការ​ប្រជែង​ដ៏​ខ្លាំង​មួយ​ពី​សំណាក់​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ដែល​នឹងធ្វើ​ការអបអរ​គម្រប់​ខួប​ឆ្នាំ​ទី100របស់គេ​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ» ចាប់តាំងពី​ប្រទេស​នេះ​បានរៀបចំ​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី1មក។ ប្រទេស​ម្ចាស់ផ្ទះ​អ៊ុយ​រូ​ហ្គា​យ បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្នុង​លទ្ធផល 4-2 ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ1930 ក្នុង​ទីក្រុង Montevideo។

សូមបញ្ជាក់ថា  ព្រឹត្តិការណ៍ World Cup បន្ទាប់(ឆ្នាំ2018)នឹងត្រូវ​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​រុស្ស៊ី ខណៈដែល​កាតា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ2022។ ដោយឡែក ការដាក់សំណើ​ដេញថ្លៃ​រួមគ្នា​រវាង​ប្រទេស​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កាណាដា កំពុងតែ​មានប្រៀប​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ2026 ខណៈដែល​មានតែ​ប្រទេស​ម៉ា​រ៉ុ​ក មួយ​ប៉ុណ្ណោះ ដែល​បាន​ចូលខ្លួន​ក្នុងការ​ដេញថ្លៃ៕

ប្រភពពី៖ Sport24

Advertisement