Newcastle ធ្វើ​ឲ្យ Liverpool ខកចិត្ត ទោះបី Coutinho រកបាន​គ្រាប់​បាល់

ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ​ពី​សំណាក់​ខ្សែបម្រើ​ឆ្នើម Philippe Coutinho បាន​ជួយ​ឲ្យ​ក្រុម Liverpool បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 នៅលើ​ទឹកដី​ក្រុម Newcastle United កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ នេះ​គឺជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត​មួយ​ផ្សេងទៀត​សម្រាប់​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​គឺ​លោក Jurgen Klopp។

ការទទួល​ជ័យជម្នះ​នឹងធ្វើ​ឲ្យ​ពួកគេ​ឡើងទៅ​ឈរ​ពីលើ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea និង​ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង4នៃ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ ផ្ទុយទៅវិញ​ក្រុម Liverpool បាន​ជួប​ភាព​ត្រដាបត្រដួស​ម្តងទៀត​ក្នុង​ការរក​គ្រាប់​បាល់​បញ្ចូល​ទី។ ក្រុម​របស់លោក Klopp មាន​ភាគរយ​នៃ​ការគ្រប់គ្រង​បាល់​ច្រើនជាង​ដល់​ទៅ2ដង​បើ​ធៀប​ទៅនឹង​ក្រុម Newcastle  ប៉ុន្តែ​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន និង​ត្រូវតែ​ពឹងផ្អែក​ទៅលើ​គ្រាប់​បាល់​បញ្ចូល​ទី​ពី​ចម្ងាយ​របស់ Coutinho ក្នុងការ​ទទួលបាន1ពិន្ទុ​នា​កីឡដ្ឋាន St James’ Park។ ក្រុម Newcastle ដែល​ត្រូវបាន​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​របស់ Liverpool គឺ​លោក Rafael Benitez នោះ បាន​រក្សា​កំណត់ត្រា100ភាគរយ ខណៈដែល​ពួកគេ​បានធ្វើការ​ការពារ​យ៉ាង​រឹងមាំ និង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី នៅពេលដែល Joselu បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅ​មុនពេល​បញ្ចប់​តង់​ទី1។

លោក Klopp បាន​ប្រាប់​ទូរទស្សន៍ BBC ថា៖ «ខ្ញុំ​ពិតជា​ខកចិត្ត​ណាស់ និង​ឆ្អែត​ចិត្ត​ចំពោះ​អ្វីដែល​អ្នក​ចង់បាន។ ពួកគេ (ក្រុម Newcastle) មានឱកាស​តែ1លើក​គត់ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែម្តង។ បញ្ហា​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​យុត្តិធម៌​សោះ។ ប្រសិនបើ​អ្នក​មិន​ជួយ​ខ្លួន​អ្នក គ្មាន​នរណាម្នាក់​ជួយ​អ្នក​បានឡើយ។ វា​នឹង​បន្ត​បែបនេះ​រហូត​លុះត្រាតែ​យើង​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី»៕

ប្រភពពី៖ Sports.yahoo

Advertisement