Mendy នឹង​អវត្តមាន​ក្នុងពេល Man City ទៅ​ជួប Chelsea ថ្ងៃ​សៅរ៍​នេះ

តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម Manchester City នឹងត្រូវ​អវត្តមាន​តារា​ឆ្នើម​ម្នាក់​គឺ Benjamin Mendy ដោយសារតែ​បញ្ហា​របួស ខណៈដែល​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការប្រកួត​ដ៏​ស្វិតស្វាញ​បំផុត​មួយ នៅពេលដែល​ក្រុម​កំពុង​នាំមុខ​នៅលើ​កំពូល​តារាង​ក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់​ជើងឯក Chelsea នៅ​ថ្ងៃ​សៅរ៍​នេះ។

ខ្សែការពារ​កណ្តាល​អន្ត​រ​ជាតិ​បារាំង​វ័យ23ឆ្នាំ​រូបនេះ កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ក្រុម Man City ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Monaco ក្នុងតម្លៃ​ខ្លួន50លាន​ផោន (ស្មើនឹង67លាន​ដុល្លារ​អាមេរិក) នៅមុន​ពេល​បើក​រដូវ​កាល។ ប៉ុន្តែ កាលពី​ថ្ងៃ​ព្រហស្បតិ៍ Man City បានប្រកាសថា Mendy នឹងត្រូវ​ទទួល​ការវះកាត់​ក្នុង​ទីក្រុង Barcelona នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​រូបគេ​បាន​រងរបួស​ត្រង់​សរសៃពួរ​នៅលើ​ជង្គង់​ខាងស្តាំ​របស់គេ អំឡុងពេល​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ លើ​ក្រុម Crystal Palace កាលពី​ចុង​សប្តាហ៍​មុន។

Mendy បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា៖ «ពិតជា​ព័ត៌មាន​អាក្រក់​មែន ខ្ញុំ​នឹងត្រូវ​សម្រាក​ព្យាបាល​របួស​ក្នុង​រយៈពេល​ប្រមាណ​ជា2ខែ ហើយ​ខ្ញុំ​នឹងត្រូវ​វិល​ចូល​ប្រកួត​វិញ​ទាំង​ពិការភាព​ខ្លាំងក្លា​ក្នុងពេលឆាប់ៗនេះ»។ លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City កំពុងតែ​ស្ថិតក្រោម​សម្ពាធ​ក្នុងការ​ដណ្តើម​ឲ្យ​បាន​លទ្ធផល​ល្អ ក្រោយពី​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ច្រើនជាង130លាន​ផោន​ដើម្បី​ទិញ​ចូល​ខ្សែការពារ3នាក់ ក្នុង​គោលបំណង​ប្រជែង​យកពាន​ទៅកាន់​កីឡដ្ឋាន Etihad។

នៅ​មុនពេល​រយៈពេល​នៃ​ការ​អវត្តមាន​របស់ Mendy ត្រូវបាន​ប្រកាស​ឡើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​ឲ្យ​ដឹងថា៖ «យើង​មាន Danilo, (Fabian) Delph និង (Oleks) Zinchenko ដែល​អាច​លេង​នៅ​តំបន់​នោះបាន ហេតុនេះ យើង​នឹង​រង់ចាំ​មើលថា តើ​យើង​នឹងត្រូវ​ប្រើប្រាស់​ពួកគេ ឬ​យ៉ាងណា»។

ទាំង​ក្រុម Man City និង Chelsea សុទ្ធសឹង​ឈានទៅ​កាន់ការ​ប្រកួត​នេះ​ទាំង​ការជឿជាក់​ដូចគ្នា ក្រោយពី​ពួកគេ​បាន​ផ្តួល​ក្រុម Shakhtar Donetsk និង Atletico Madrid ក្នុង​លទ្ធផល 2-០ និង 2-1 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ រៀងៗខ្លួន។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង11:3០យប់៕

ប្រភពពី៖ Sports.yahoo

Advertisement