Man United លត់ CSKA ចាស់ដៃ ខណៈ Higuain ជួយ​ឲ្យ Juventus

លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester United បាន​និយាយថា ក្រុម​របស់លោក​ស្ទើរតែ​បាន​ស្ថិតក្នុង​ក្របខ័ណ្ឌ Champions League វគ្គ16ក្រុម​ចុងក្រោយ​ទៅហើយ ក្រោយពី​បាន​លត់​ក្រុម CSKA Moscow យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-1 ក្នុងប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ។

ខ្សែប្រយុទ្ធ Romelu Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ខណៈដែល​ខ្សែប្រយុទ្ធ Anthony Martial បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី1គ្រាប់​ដោយ​បាល់​ប៉េ​ណា​ល់​ទី ហើយ Henrikh Mkhitaryan បា​នរក​គ្រាប់​បាល់​ទី4សម្រាប់​ក្រុម​ខ្លួន ខណៈដែល​ក្រុម​បិសាច​ក្រហម Man United បាន​រក្សា​កំណត់ត្រា​ឈ្នះ100ភាគរយ​ក្នុង​ពូ​ល A។ ក្រុម Man United បានទទួល​ជ័យជម្នះ​តែ1លើក​គត់​ក្នុងចំណោម​ការប្រកួត​ក្រៅ​ธไ​ទឹកដី10លើកចុងក្រោយ​របស់​ពួកគេ​នៃ​យុទ្ធនាការ​នេះ ប៉ុន្តែ ការរក​គ្រាប់​បាល់​បញ្ចូល​ទី2គ្រាប់​ក្នុង​ចន្លោះពេល​ត្រឹមតែ18នាទី បាន​ជួយ​ឲ្យ​ក្រុម​យក្ស​អង់គ្លេស​មួយ​នេះ បំពេញ​ការទទួលបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​នៅ​កីឡដ្ឋាន VEB Arena តែម្តង។

លោក Mourinho ដែល​ក្រុម​របស់លោក បាន​ផ្តួល​ក្រុម Basel 3-0 ក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល​កាលពី 2សប្តាហ៍​មុន​នោះ បាន​ឲ្យ​ដឹងថា៖ «រឿង​ដ៏​សំខាន់បំផុត​គឺ​ការរកបាន 6ពិន្ទុ​ពី2ប្រកួត និង​ស្ថិតក្នុង​ទីតាំង​យ៉ាង​ល្អ​ក្នុង​ក្របខ័ណ្ឌ Champions League»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ត្រូវតែ​ទទួលស្គាល់ថា រូបគេ (Lukaku) កំពុងតែរកបានគ្រាប់បាល់បញ្ចូលទីដ៏សំខាន់ៗស្ទើរតែរាល់ការប្រកួតទាំងអស់។

យើងដឹងថា រូបគេជាកីឡាករដ៏ឆ្នើមម្នាក់ រូបគេអាចរកគ្រាប់បាល់បានច្រើន ហើយការលេងក្នុងក្រុមដែលប្រជុំដោយកីឡាករឆ្នើមៗជាច្រើន វាកាន់តែងាយស្រួលទៅទៀតក្នុងការរកគ្រាប់បាល់» ស្របពេលជាមួយគ្នានេះដែរ Gonzalo Higuain បានធ្វើ​ឲ្យ​យុទ្ធនាការ Champions League របស់​ក្រុម Juventus ជួប​ភាពល្អប្រសើរ​ឡើងវិញ ក្រោយពី​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ដើម្បី​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​រង​កាលពី​ឆ្នាំមុន​មួយ​នេះ ទទួល​ជ័យជម្នះ 2-0 លើ​ក្រុម Olympiakos ក្នុងការ​ប្រកួត​ពូ​ល D កាលពី​ថ្ងៃ​ពុធ៕

ប្រភពពី៖ BBC

Advertisement