Mbappe រកបាន​គ្រាប់​បាល់​ថ្ងៃ​ចូល​លេង​ដំបូង ខណៈ PSG លត់ Metz ចាស់ដៃ

ខ្សែប្រយុទ្ធ Kylian Mbappe បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ថ្ងៃ​នៃ​ការចូល​លេង​ជា​លើកដំបូង​របស់គេ ខណៈដែល​ក្រុម Paris Saint-Germain បាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​ងាយស្រួល​ក្នុង​លទ្ធផល 5-1 នៅលើ​ទឹកដី​ក្រុម Metz ដែល​នៅសល់​សមាជិក​តែ10នាក់ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Ligue 1 កាលពី​ថ្ងៃ​សុក្រ។

ការបញ្ជូន​បាល់​យ៉ាង​ល្អ​របស់ Neymar បាន​ជួយ​ឲ្យ​ខ្សែប្រយុទ្ធ Edinson Cavani រកបាន​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី31 នៅ​មុនពេល​កីឡាករ Emmanuel Riviere បានតែ​តបាល់​បញ្ចូល​ទី​ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​មុនពេល​បញ្ចប់​តង់​ទី1។

ប៉ុន្តែ ការប្រកួត​នេះ​បានបញ្ចប់​ទាំងស្រុង​ក្នុង​ចន្លោះពេល​ត្រឹមតែ3នាទី​ក្នុង​តង់​ទី2 ក្រោយពី Benoit Assou-Ekotto បាន​រង​ពិន័យ​កាត​ក្រហម ដោយសារតែ​ការប្រព្រឹត្ត​កំហុស​ទៅលើ Mbappe នៅ​មុនពេល​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី1របស់គេ។ បន្ទាប់មក ក្រុម PSG បាន​វាយ​សម្រុក​យ៉ាងខ្លាំង​ដើម្បី​រក​គ្រាប់​បាល់​បន្ថែមទៀត ខណៈដែល Neymar ក៏​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​បានដែរ នៅមុន​ពេល Cavani បា​នរក​គ្រាប់​បាល់​ទី2របស់គេ ហើយ Lucas Moura បា​នរក​គ្រាប់​បាល់​ទី5ដើម្បី​បំពេញ​ការទទួល​ជ័យជម្នះ​សម្រាប់​ក្រុម​ខ្លួន​តែម្តង។

ជ័យជម្នះ​នេះ គឺជា​ការទទួល​ជ័យជម្នះ​ជា​លើក​ទី5ជាប់ៗគ្នា​របស់ PSG នៅ​ដើមរដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ Ligue 1 មកទល់ពេលនេះ និង​បានធ្វើ​ឲ្យ​ពួកគេ​នាំមុខ3ពិន្ទុ​ជា​បណ្តោះអាសន្ន​នៅលើ​កំពូល​តារាង ពីលើ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Monaco ដែល​នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម Nice នៅ​ថ្ងៃ​សៅរ៍​នេះ។

Mbappe ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ទាំង11នាក់​ដំបូង​នៅ​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ជា​លើក​ទី1របស់គេ ក្រោយពី​បាន​ផ្ទេរ​មកពី​ក្លិប Monaco ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល ជាមួយនឹង​ជម្រើស​ក្នុងការ​ទិញយក​ដាច់​ក្នុងតម្លៃ​ខ្លួន​មួយ​ដែល​អាច​នឹង​កើន​ដល់180លាន​អឺរ៉ូ (ស្មើនឹង216.5លាន​ដុល្លារ​អាមេរិក)៕

ប្រភពពី៖ Sport24

Advertisement