កូរ៉េ​ខាង​ត្បូង និង​អា​រ៉ា​ប៊ី​ សាអ៊ូឌីត កក់​កៅអី​ទៅ World Cup ខណៈ​អូ​ស្ត្រាលី បាន​ត្រឹម​វគ្គ Playoff

ក្រុម​បាល់​ទាត់ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង បាន​ឈ្នះ​សិទ្ធិ​របស់​ពួក​គេ​ដើម្បី​ធ្វើការ​បង្ហាញ​ខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជា​លើក​ទី​9​ជាប់ៗ​គ្នា ក្រោយ​ពី​​បាន​បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅ​ពេលប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិអ៊ូស​បេ​គី​ស្ថាន កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែលក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​ សា​អ៊ូឌីត បាន​ឈ្នះ​កៅអី​របស់ពួកគេ​ទៅ​កាន់​វគ្គ​​ផ្តាច់​ព្រ័ត្រ ក្នុង​ប្រទេស​រុស្ស៊ី នៅឆ្នាំក្រោយ បន្ទាប់​ពីបាន​កត់ត្រា​​ជ័យជម្នះ 1-០ លើក្រុមជម្រើស​ជាតិ​ជប៉ុន​។

 

កីឡាករ​បម្រុង Fahad Al Muwallad របស់​អា​រ៉ាប៊ី ​សា​អ៊ូ​ឌីត បាន​រក​គ្រាប់បាល់​ឈ្នះ​សម្រាប់ក្រុម​របស់​លោក Bert van Marwijk ដើម្បី​ធ្វើ​ឲ្យពួក​គេ​ឈ្នះ​កៅអី​ទៅ World Cup ជាលើក​ទី​1​​ បើគិត​ចាប់​តាំងពីឆ្នាំ​2006 តាមរយៈ​ការយក​ឈ្នះ​​លើ​ក្រុម​ជម្រើស​ជាតិ​​ជប៉ុន ដែល​បាន​ឈ្នះ​កៅអី​ទៅជុំផ្តាច់ព្រ័ត្រ​រួច​ជា​ស្រេច​។

លទ្ធផល​នេះ បានធ្វើ​​ឲ្យក្រុម​ជម្រើស​ជាតិអូ​ស្ត្រាលី ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​3 នៃពូល B ក៏ដូច​ជា​ត្រូវ​ធ្វើ​ការ​ប្រកួត​វគ្គ Playoff ខណៈ​ដែលពួក​គេ​នឹង​ត្រូវ​ជួប​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ស៊ី​រី ដែល​បានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​​អ៊ី​រ៉ង់ ដើម្បី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​3 ក្នុង​ពូល A​។

កីឡាករ Lee Keun-ho, Son Heung-min និង Lee Dong-gook របស់​ក្រុម​ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង សុទ្ធ​សឹង​បាន​ស៊ុតបាល់​ប៉ះ​ទៅនឹង​របាទី ខណៈ​ដែលពួកគេ​ទទួល​បាន​1ពិន្ទុ​ដែល​បាន​ធ្វើ​ឲ្យ​​ពួកគេ​ត្រូវ​បញ្ចប់​ដោយការ​ឈរក្នុង​ចំណាត់ថ្នាក់​លេខ2ក្នុងពូល A នៃ​យុទ្ធ​​នា​ការ​​ប្រកួត​ជម្រុះពូល A ប្រ​តំបន់អាស៊ី បន្ទាប់​ពីក្រុមខ្លាំង​អ៊ី​រ៉ង់​។

ក្រុម​ជម្រើស​ជាតិ​ស៊ី​រី បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ក្នុងពូល​ដដែលនោះ នៅពេល​ដែល​កីឡាករ Omar Al Soma បាន​រកគ្រាប់បាល់​តាមស្មើ​នៅ​ជិត​បញ្ចប់ការប្រកួត​ជាមួយ​នឹងអ៊ី​រ៉ង់ ដែល​បាន​ធ្វើ​​ឲ្យ​អ៊ស​បេ​គី​ស្ថាន ធ្លាក់​ចេញពី​វគ្គ Playoff តែម្តង​៕

ប្រភព​ពី៖ Daily Stars

Advertisement