ស្ងាត់ៗ ជាង១០០០នាក់ចុះឈ្មោះរួចរាល់ ក្នុង ព្រឹត្តិកាណ៍អង្គរ Full Marathon អន្តរជាតិ

ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងម៉ារ៉ាតុងលើកទី ៤ ឆ្នាំ ២០១៧ ដែលគ្រោងនឹងឡើងនាថ្ងៃអាទិត្យ ទី៧ ខែសីហា នាពេលខាងមុខនេះ បានបើកការចុះឈ្មោះជាផ្លូវការហើយ ដោយក្នុងនោះមានភ្ញៀវទេសចរណ៍ជាង១០០០នាក់ បានចុះឈ្មោះរួចរាល់ ។

ព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០១៦ កន្លងទៅ មានអត្តពលិក​ចូលរួមចំនួន ជាង៣០០០នាក់ ក្នុងនោះមាន​ជាង ១០០០​នាក់​ ជា​បរទេស​ដែល​មកពី​ជាង៥០ ប្រទេស​លើ​ពិភពលោក ។ ដោយឆ្នាំនេះ គណៈកម្មការរៀបចំការប្រកួតរំពឹងថានឹងកើតឡើងរហូតទៅដល់៥០០០នាក់សម្រាប់ឆ្នាំ ២០១៧នេះ។

អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ ទិវារត់ប្រណាំងនេះ ជាទិវាកីឡាទេសចរណ៍ជាប្រវត្តិសាស្រ្តរបស់ កម្ពុជា ដោយតាមរយៈព្រឹត្តិការណ៍អន្តរជាតិមួយនេះនឹងបានក្លាយជាប្រយោជន៍ថ្មីមួយបន្ថែមទៀត ក្នុងការទាក់ ទាញភ្ញៀវទេសចរ និងកីឡាករ-កីឡាការិនីនានា ក្នុងការស្វែងរកថវិកាសម្បុរសធម៌ជួយដល់​មន្ទីរ​ពេទ្យ​កុមារ​ចំនួន​២ នៅ​ខេត្តសៀមរាប និងកាកបាទក្រហមកម្ពុជា ជាពិសេសគឺបាន​បំផុសស្មារតី​ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការការពារ​បរិស្ថាន និងការពារបិ​តិក​ភ័​ណ្ឌ​ពិភពលោកទៀតផង។

សម្រាប់តម្លៃនៃការចុះឈ្មោះបង់សិទ្ធិចួលរួមប្រកួត គឺលើប្រភេទវិញ្ញាសាម៉ារ៉ាតុង ចម្ងាយ៤២គីឡូម៉ែត្រ ត្រូវបង់សិទ្ធិចំនួន៦០ ទៅ៦៥ ដុល្លារ សម្រាប់ជនបរទេស និង ២០ដុល្លារសម្រាប់ជនកម្ពុជា ខណៈវិញ្ញាសា ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ មានតម្លៃ ៤៥ដុល្លារ ដល់៥៥ដុល្លា សម្រាប់ជនបរទេស និង១៥ដុល្លារ សម្រាប់ជនជាតិខ្មែរ។

រត់១០គីឡូម៉ែត្រ តម្រូវឲ្យបង់ថ្លៃចំនួន ៤០ ឬ ៥០ដុល្លារ សម្រាបអត្តពលិកអន្តរជាតិ និង ១២ដុល្លារសម្រាប់អត្តពលិកសញ្ជាតិខ្មែរ ចំណែកឯ វិញ្ញាសារត់កម្សាន្ត ៥គីឡូម៉ែត្រ សម្រាប់ជនបរទេស ពី២០ដុល្លារ ដល់៣០ដុល្លារ អាស្រ័យការចុះឈ្មោះលឿន ឬកៀកថ្ងៃប្រកួត ហើយវិញ្ញាសានេះអត្តពលិកកម្ពុជា ត្រូវបង់ថ្លៃត្រឹម៥ដុល្លារប៉ុណ្ណោះ។

គួបញ្ជាក់ផងដែរថា៖ សម្រាប់មហាជនទាំងជាតិ និងអន្តរជាតិ ដែលមានបំណងចង់ចូលរួមរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៤ ប្រចាំ ឆ្នាំ២០១៧នេះអាចចុះឈ្មោះបាន ចាប់ពីពេលនេះតទៅហើយ ដោយអាចចុះឈ្មោះដោយផ្ទាល់នៅ២ទីតាំង គឺ នៅទីស្នាក់ការ ផ្ទះលេខ 79C ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅខេត្តសៀម រាប នៅ Apsara Angkor Resort៕

Advertisement