AFF Suzuki Cup នឹង​ចាប់ផ្ដើម ចាប់ឆ្នោត​ចែក​ពូ​ល នៅ​ខែ​ក្រោយនេះ

សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ឬ AFF  ប្រកាស​ឱ្យដឹង​ជា​ផ្លូវការ អំពី​ថ្ងៃ​ចាប់ឆ្នោត​ចែក​ពូ​ល នៃ​ពានរង្វាន់ AFF Suzuki Cup 2020 នៅ​ទីក្រុង​កួ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃទី2 ខែមិថុនា ឆ្នាំ2021 ដោយ​សហព័ន្ធ​បាល់ទាត់​ក្នុង​តំបន់​មួយ​នេះ បានបញ្ជាក់​នៅ​ថ្ងៃទី2 ថា ការចាប់​ឆ្នោត​ចែក​ពូ​ល​នៃ​ពានរង្វាន់ AFF Suzuki Cup 2020 នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី10 ខែសីហា ឆ្នាំ2021។ សម្រាប់​ព័ត៌មាន​ល​ម្ពិ​តនៃ​ការចាប់​ឆ្នោត រួមទាំង​ទីកន្លែង និង​រូបមន្ត​ប្រកួត ក៏​នឹងត្រូវ​ប្រកាស​នៅក្នុង​កម្មវិធី​ចាប់ឆ្នោត​ចែក​ពូ​ល​នេះដែរ។

ឯកឧត្តម ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) មានប្រសាសន៍ថា «យើង​មាន​សេចក្តីសោមនស្ស​រីករាយ សូម​ប្រកាសប្រាប់​ពី​កាលបរិច្ឆេទ​នៃ​ការចាប់​ឆ្នោត​ចែក​ពូ​ល​ជា​ផ្លូវការ សម្រាប់​ការប្រកួត​ឆ្នាំនេះ។ ខណៈដែល AFF មាន​គោលបំណង​យ៉ាង​មុតមាំ ក្នុង​ការរៀបចំ​ការប្រកួត ក្រោម​រូបមន្ត​ពេញលេញ​មួយ និង​មាន​កាលវិភាគ​របស់ខ្លួន រួមទាំង​ការប្រកួត​ក្នុង​ទឹកដី(Home) និង​ក្រៅ​ទឹកដី(Away) នៅ​គ្រប់​ដំណាក់កាល​នៃ​ការប្រកួត ប៉ុន្តែ​យើង​ក៏​ទទួលស្គាល់​នូវ​តម្រូវការ​នៃ​ការស្រាវជ្រាវ និង​ត្រៀម​សម្រាប់​ផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-19 ដែល​អាច​រាប់បញ្ចូល​នៃ​ជម្រើស​រូបមន្ត​ផ្សេងទៀត ការប្រើប្រាស់​ទឹកដី​កណ្តាល (Centralized Venues) រួមមួយ សម្រាប់​ព្រឹត្តិការណ៍​នេះ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ខែកក្កដា»។

គួរឱ្យ​ដឹង​ដែរ​ថា ពានរង្វាន់​មួយ​នេះ គ្រោង​នឹងធ្វើ​ឡើង កាលពី​ចុងឆ្នាំ2020 កន្លងទៅ  តែដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វីដ-19 បានធ្វើឱ្យ​ពានរង្វាន់​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ បាន​ផ្លាស់ប្តូរ​កាលបរិច្ឆេទ រហូត​ចុង​ក្រោយនេះ គឺ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 ដល់​ថ្ងៃទី1 ខែមករា ឆ្នាំ2022៕

Advertisement