Floyd៖ ប្រកួតលើកនេះ ជាប្រកួត ដែលរកលុយ បានតិចបំផុត

កីឡាករប្រដាល់អាជីព Floyd Mayweather បានបញ្ចប់ការប្រកួតហើយ ជាមួយនឹងតារាយូធូប Logan Paul នៅថ្ងៃត្រង់ នៃថ្ងៃទី7 ខែមិថុនា ឆ្នាំ2021នេះ ដោយកម្មវិធីប្រដាល់ដែលមិនសូវមានអ្នកចាប់អារម្មណ៍នេះ បានធ្វើឡើងក្នុងទីក្រុង Miami នៃសហរដ្ឋអាមេរិក ដែលបានលក់សិទ្ធិទស្សនាទៅដល់ទស្សនិកជនក្នុងម្នាក់ តម្លៃ 50ដុល្លារ និងលក់សិទ្ធិផ្សាយបន្តផ្ទាល់ឱ្យស្ថានីយទូរទស្សន៍ធំៗ នៅជុំវិញពិភពលោក បានប្រមាណតែជាង 200លានដុល្លារប៉ុណ្ណោះ។

បើគិតពីចំណូលសរុបនេះ គឺគេបានបែងចែកទៅឱ្យខាងអ្នករៀបចំកម្មវិធី និងការផ្សព្វផ្សាយនានា មួយចំណែក។ ខណៈដែលជាង 30ភាគរយទៀត ត្រូវបានគេដឹងថា សម្រាប់កីឡាករទាំង 2រូបនេះ។ ដោយក្នុងនោះ Floyd ត្រូវបានគេប៉ាន់ប្រមាណថា បើកលុយបានប្រហែល 60លានដុល្លារ ព្រោះគេជាតួឯកក្នុងការប្រកួតនេះ។ ចំណែកឯ តារាយូធូបដ៏ល្បីល្បាញ Logan Paul គឺបានប្រហែលជាជាង ២០លានដុល្លារ។

គួរឱ្យដឹងដែរថា Floyd Mayweather ជាធម្មតា ក្នុង 1ប្រកួត គឺគេអាចរកលុយបានយ៉ាងហោចណាស់ក៏ប្រហែលជា 100លានដុល្លារដែរ។ ខណៈដែលប្រកួតលើកនេះ ត្រូវបានចាត់ទុកថា ជាប្រកួត ដែលគេរកលុយបានតិចជាងគេបំផុត តាំងពីគេមានកេរ្តិ៍ឈ្មោះល្បីល្បាញមក៕

Advertisement