Chelsea ត្រៀម​ផ្ទេរ Oxlade-Chamberlain ក្រោយពី​យល់ព្រម​លើ​តម្លៃ​ខ្លួន​ជាមួយ Arsenal

ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Alex Oxlade-Chamberlain របស់​ក្លិប​កាំភ្លើង​ធំ Arsenal កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការបំពេញ​ការផ្ទេរ​របស់គេ​ទៅកាន់​ក្លិប Chelsea ដែលជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League។ Oxlade-Chamberlain វ័យ 24ឆ្នាំ​នឹង​ផុត​កិច្ចសន្យា​របស់គេ​នៅ​រដូវក្តៅ​ក្រោយ និង​បានធ្វើ​ការបដិសេធ​ក្នុង​ការបន្ត​កុងត្រា​ថ្មី​មួយ​នៅឯ​កីឡដ្ឋាន Emirates។

ក្លិប Chelsea បានធ្វើ​ការបដិសេធ​ក្នុងការ​បកស្រាយ​ទៅលើ​ការផ្ទេរ​នេះ ប៉ុន្តែ​វា​ត្រូវបាន​គេ​យល់ឃើញថា ពួកគេ​បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន​ក្នុង​ទឹកប្រាក់ 35លាន​ផោន (ស្មើនឹង 45លាន​ដុល្លារ​អាមេរិក) រួចស្រេច​ហើយ​ជាមួយនឹង​គូប្រជែង​នៅ​ទីក្រុង​ឡុង​ដ៍​របស់​ពួកគេ​សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស​រូបនេះ។ ក្លិប Liverpool ក៏បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​ផងដែរ និង​នៅតែ​អាចដាក់​សំណើ​ដេញថ្លៃ​មួយ​សម្រាប់​អតីត​កីឡាករ​របស់​ក្លិប Southampton រូបនេះ​បានដែរ។ Oxlade-Chamberlain បាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​រាល់​ការប្រកួត​ទាំងអស់​សម្រាប់​ក្រុម​កាំភ្លើង​ធំ​ក្នុង​រដូវ​កាល​មកទល់ពេលនេះ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ពេល​ក្រុម​ខ្លួន​ចាញ់​ក្នុង​លទ្ធផល 4-0 នៅលើ​ទឹកដី​ក្រុម Liverpool ផងដែរ ដោយ​រូបគេ​បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង។

ខ្សែបម្រើ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី5របស់ Chelsea នៅ​រដូវក្តៅ​នេះ ក្រោយពី​ការចូលរួម​របស់​ខ្សែប្រយុទ្ធ Alvaro Morata អ្នកចាំទី Willy Caballero ខ្សែការពារ Antonio Rudiger និង​ខ្សែបម្រើ Tiemoue Bakayoko។ លោក Antonio Conte ដែលជា​អ្នកចាត់ការ​ទូទៅ​របស់ Chelsea បាន​បញ្ជាក់ថា លោក​ចង់បាន​កីឡាករ​ថ្មី​បន្ថែមទៀត​ក្នុង​ក្រុម​របស់លោក នៅ​មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​បិទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខាងមុខនេះ។ Oxlade-Chamberlain ដែល​បានធ្វើការ​បង្ហាញខ្លួន198លើក​សម្រាប់​ក្រុម Arsenal ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Southampton កាលពី​ខែសីហា ឆ្នាំ2011នោះ នឹង​ក្លាយជា​កីឡាករ​ដំបូង​គេ ចាប់តាំងពី​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី Conte បាន​និយាយថា លោក​ចង់បាន​កីឡាករ​បួន​នាក់​ទៀត៕

ប្រភពពី៖ BBC

Advertisement