Messi ឈ្នះ​ស្បែក​ជើង​​មាស​ប្រចាំ​តំបន់​អឺ​រ៉ុប​ជាលើក​ទី4

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​បញ្ជាក់​​ថា រូបគេកាន់​តែ​មានភាព​មុត​ស្រួចក្នុង​ពេល​ឈាន​ដល់​វ័យ​​កាន់​តែ​ចាស់ ក្រោយ​ពី​ឈ្នះ​​រង្វាន់​ស្បែក​ជើង​មាស​ក្នុងនាម​ជាអ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ប្រចាំ​ទ្វីប​អឺ​រ៉ុប (European Golden Shoe) ជា​លើក​ទី​4 កាលពីថ្ងៃសុក្រ​។

តា​រា​ឆ្នើម​អន្តរ​ជាតិ​អា​ហ្សង់ទីនវ័យ​30​ឆ្នាំរូបនេះ បាន​ឈ្នះ​​រង្វាន់ក្នុងនាម​ជា​អ្នករក​បាន​គ្រាប់​បាល់​​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​ក្រប​ខ័ណ្ឌ​លីក​កំពូល​ៗ​របស់​អឺ​រ៉ុប ក្រោយ​ពី​រក​បាន​37​គ្រាប់​បាល់​សម្រាប់ក្រុម Barcelona​។ ក្រោយពី​ត្រូវ​បាន​គេ​ប្រគល់​រង្វាន់​ស្បែក​ជើង​មាស​ឲ្យ​នៅ​ក្នុងកម្មវិធី​មួយក្នុង​ទីក្រុង Barcelona កីឡាករ Messi ដែល​បាន​ឈ្នះ​​ពាន​រង្វាន់​បាល់មាស Ballon d’Or 5​លើកដែរនោះ បាន​ឲ្យ​ដឹង​ថា៖ «ស្រប​ពេលដែលខ្ញុំ​​កាន់​តែ​មាន​វ័យ​ចាស់​នៅក្រៅ​ទីលាន ខ្ញុំ​គិត​ថា ខ្ញុំ​ក៏​មានភាពមុត​ស្រួចនៅក្នុង​ទីលានផងដែរ​»​។ ខ្សែ​​ប្រយុទ្ធ​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ច្រើន និង​បាន​បន្ថែម​​​រឿង​រ៉ាវ​ជាច្រើន​ចូលក្នុង​កីឡា​របស់ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​កាន់​តែ​ខ្លាំង​ក្នុង​នាម​ជាកីឡាករម្នាក់​»​​។ Messi បាន​ឈ្នះ​​ពានរ​ង្វាន់​នេះ ដោយ​ឈរ​ពីលើ​ខ្សែ​ប្រយុទ្ធ Bas Dost ដែល​រក​បាន​34​​គ្រាប់​​ឲ្យក្លិប Sporting Lisbon កាល​ពី​រដូវកាលមុន និង Pierre-Emerick Aubameyang ដែលរក​បាន​31គ្រាប់​សម្រាប់ក្លិប Borussia Dortmund​។

ក្រោយពីបាន​ឈ្នះ​ពាន​រង្វាន់​នេះកាលពីឆ្នាំ​2010, 2012 និង​2013 Messi ស្មើនឹង Cristiano Ronaldo តាម​រយៈការ​ឈ្នះ​ស្បែក​ជើង​មាស​ជាលើក​ទី​4​។ តា​រាឆ្នើម​របស់ក្លិប Real Madrid គឺ​ Cristiano Ronaldo បាន​ឈ្នះ​ស្បែក​ជើង​មាស​ក្នុង​ឆ្នាំ​2008, 2011, 2014 និងឆ្នាំ​2015​៕

ប្រភព​ពី៖ BBC

 

Advertisement