អភិបាលខេត្តមណ្ឌលគិរីថារដ្ឋបាលខេត្តបានត្រៀមដី 600ហិកតាទុកសង់ព្រលានយន្តហោះ

ខេត្តមណ្ឌលគិរី ជា​តំបន់​ដែលមាន​សក្តានុពល​ខ្លាំង​ផ្នែក​អេកូ​ទេសចរណ៍ និង​កសិកម្ម ព្រោះ​តំបន់​នេះ​សំបូរ​ទៅដោយ​សម្រស់​ធម្មជាតិ និង​ដី​មាន​ជីរ​ជាតិ​អំណោយផល​ល្អ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម។ ហេតុនេះ​ជា​រៀងរាល់ឆ្នាំ តែងតែមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាននាំគ្នា​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ។

ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ខេត្តមណ្ឌលគិរី​បាន​អភិវឌ្ឍ​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ជា​បន្តបន្ទាប់ ដោយ​ក្នុងនោះ​ក៏មាន​គម្រោង​អាកាសយានដ្ឋាន​ផងដែរ​សម្រាប់​ភ្ជាប់​ការធ្វើដំណើរ​ឱ្យ​កាន់តែ​ឆាប់រហ័ស និង​សំបូរបែប។

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​បាន​ត្រៀន​ដី​ចំនួន 600ហិកតា​សម្រាប់​ផ្តល់ជូន​រាជរដ្ឋាភិបាល​ក្នុងការ​សាងសង់​ព្រលានយន្តហោះ។ ទីតាំង​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នេះ មាន​ចម្ងាយ​ប្រមាណ 20គីឡូម៉ែត្រ​ពី​ទី​រូ​ម​ខេត្ត។ ឯកឧត្តម​បានបញ្ជាក់​ផងដែរ ការជ្រើសរើស​ទីតាំង​ថ្មី​នេះ ដោយសារតែ​ដី​ព្រលានយន្តហោះ​ចាស់​មាន​ត្រឹមតែ 19ហិកតា​ប៉ុណ្ណោះ មិន​គ្រប់​សម្រាប់​អភិវឌ្ឍ​ជា​ព្រលានយន្តហោះ​តាម​តម្រូវការ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​នោះទេ៕

Advertisement