ក្រសួង​សាធារណការ តាំងពិព័រណ៍ លក់ លក់​ដេញថ្លៃ​ផ្លាកលេខ​យានយន្ត និង​ប្រគំ​តន្ត្រី​ក្នុង​ពីរ​ថ្ងៃ​ខាងមុខ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​រៀបចំ​កម្មវិធី «អបអរសាទរ ខួប 3 ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន» អម​ជាមួយនឹង ការតាំងពិព័រណ៍​ផ្លាកលេខ និង​រថយន្ត, ការដាក់​តាំង​លក់ និង​ដេញថ្លៃ​លេខ​ពិសេស​នៅក្នុង​សប្ដាហ៍​នេះ។

ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ក្រសួង​សាធារណការ នឹងមាន​កម្មវិធី «អបអរសាទរ ខួប 3 ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន» ដោយ​អម​ជាមួយនឹង​ការតាំងពិព័រណ៍​ផ្លាកលេខ និង​រថយន្ត, ការដាក់​តាំង​លក់ និង​ដេញថ្លៃ លេខ​ពិសេស ដើម្បី​កៀរគរ​ថវិកា​ជួយ​ដល់​មូលនិធិ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​ជាតិ។ ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹង​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​នៅ​ថ្ងៃទី 07 មីនា។

យោងតាម​ក្រសួង​សាធារណការ នៅ​ល្ងាច​ថ្ងៃទី​ពីរ ព្រឹត្តិការណ៍​ខាងលើ​នឹងមាន​ការប្រគំ​តន្ត្រី ដោយមាន​ការចូលរួម​ពី​សំណាក់​សិល្បករ សិល្បការិនីល្បីៗ ក្នុងន័យ​បញ្ជ្រាប​ការយល់ដឹង​អំពី សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ទៅកាន់​សាធារណជន។

ក្រសួង​សាធារណការ បញ្ជាក់ថា អ្នកចូលរួម​ព្រឹត្តិការណ៍​ដែល​នឹងធ្វើ​នៅលើ​សួនច្បារ​វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី 07 ដល់ 08 មីនា 2023 (ចាប់ពី​ម៉ោង 8 ព្រឹក​ដល់​ម៉ោង 9 យប់) នឹងមាន​ឱកាស​ក្នុងការ​ទទួលបាន​រង្វាន់​អនុស្សាវរីយ៍ ដោយ​ការលេង​ល្បែង​កំសាន្ត​នៅតាម​ស្តង់​នានា​ផងដែរ៕

Advertisement