មិនមែនតែកម្ពុជាទេដែលឈឺក្បាលនឹងព័ត៌មានក្លែងក្លាយ សិង្ហបុរីក៏កំពុងវិលមុខដែរ

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បញ្ជាក់ថា សូម្បីតែ​ប្រទេស​សិង្ហ​បុរី​ក៏​វិលមុខ​ជាមួយនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែរ មិនថាតែ​កម្ពុជា​យើង​នោះទេ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារតែ​បញ្ហា​អសកម្ម​ទាំងអស់នេះ។

នាយកដ្ឋាន​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅតែ​ជា​បញ្ហា​ក្តៅ​នៅលើ​បណ្តាញ​សង្គម​នាពេល​បច្ចុប្បន្ននេះ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​ក៏ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន​មានការ​យល់ច្រឡំ និង​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម។ កាលពី​កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល​បានធ្វើការ​ដកយក​អ​ជ្ញា​ប័ណ្ណ​ពី​អង្គភាព​សារព័ត៌មាន​អន​ឡាញ​មួយចំនួន ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បណ្តាលឱ្យមាន​ការភាន់ច្រឡំ​ជាច្រើន​កើតឡើង ដោយឡែក​នៅឯ​ប្រទេស​សឹង្ហ​បុរី​ក៏​ជួបនឹង​បញ្ហា​នេះ​ដូចគ្នា។

កាលពី​ថ្ងៃ​សៅរ៍ ទី30 ខែឧសភា កន្លងទៅនេះ រដ្ឋាភិបាល​សឹង្ហ​បុរី បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបិទ​កុំឱ្យ​អ្នកប្រើប្រាស់​នៅ​សឹង្ហ​បុរី អាច​ចូល​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សារព័ត៌មាន National Times Singapore (NTS) ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​យ៉ាងហោចណាស់​ចំនួន​បី នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នេះ​បើតាម​ការ​ឱ្យដឹងពី ក្រសួង​ទំនាក់ទំនង និង​ព័ត៌មាន របស់​ប្រទេស​សឹង្ហ​បុរី។

បើ​យោងតាម​គេហទំព័រ​របស់​រដ្ឋាភិបាល ផេ​ក​នេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ធ្វើឱ្យមាន​ការភាន់ច្រឡំ​នោះ​មាន​ខ្លឹមសារ​ដូចជា៖ “ការរិះគន់​ទាំងអស់​នឹងត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល​សឹង្ហ​បុរី តាមរយៈ​ច្បាប់​ថ្មី POFMA ដែល​មានតែ​អ្នកនយោបាយ​កំពុងកាន់​អំណាច​ទើប​អាច​សម្រេច​ថា​អ្វី​ជាការ​ពិត។ នេះ​ជា​ផេ​ក​ទី៤ហើយ​ដែល​បាន​បង្កើត និង​គ្រប់គ្រង​ដោយ​បុគ្គល​ដែលមាន​ឈ្មោះ Alex Tan ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ត្រូវបាន​រដ្ឋាភិបាល​សឹង្ហ​បុរី​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបិទ​ទាំងអស់។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើការ​ក្រើនរំឭក​ដល់​អង្គភាព​ព័ត៌មាន​អន​ឡាញ ក៏ដូចជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​សូមមេត្តា​ជៀសវាង​ក្នុងការ​ផ្សព្វផ្សាយ​និង​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ ដែល​វា​ធ្វើឱ្យមាន​ការយល់ច្រឡំ និង​បង្កឱ្យមាន​ចលាចល​អសន្តិសុខ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​បានដឹង​ច្បាស់ សូមមេត្តា​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​និង​ទាន់​ហេតុការណ៍៕

Advertisement