អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ប្រាប់​ពី​មូលហេតុ​នៃ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ

ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន

មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈ បង្កឡើង​ដោយ​អ្នកបើកបរ​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែង​ដូចខាងលើ​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពី​ការធ្វើ​អាជីវកម្ម​ផ្តល់​សេវា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវគោក ជាមួយនឹង​ក្រុមហ៊ុន TADA, GRAP, WE GO, LM CAR និង PASS APP នា​ទីស្តីការក្រសួង កាលពី​ថ្ងៃទី 02 មីនា 2023។

ទន្ទឹមនឹង​ការផ្ដោត​សំខាន់​លើ​ការលើកទឹកចិត្ត​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ឱ្យ​ចូលរួម​ផ្តល់​សេវា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវគោក​ក្នុងប្រទេស អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ​ក្នុង​សេចក្តីប្រកាស​លេខ 100 ប្រក.សក.ដ​ជគ របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។

ក្នុង​កិច្ចប្រជុំ​ខាងលើ ឯកឧត្ដម ឈួន វ៉ន់ ក៏បាន​រម្លឹក​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍​ផងដែរ។ លោក​ថា ចំណុច​ចម្បង​ដែល​ធ្វើឱ្យមាន​ការកកស្ទះ​ចរាចរណ៍​គឺ​ការមិន​គោរព​ច្បាប់​ចរាចរណ៍​របស់​អ្នកប្រើប្រាស់​ផ្លូវ។

លោក​ឧត្ដមសេនីយ៍ត្រី សាន សុខ​សីហា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

ទាក់ទង​នឹង​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះដែរ លោក​ឧត្ដមសេនីយ៍ត្រី សាន សុខ​សីហា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី 02 មីនា បាន​បញ្ជាក់ថា ការកកស្ទះ​ចរាចរណ៍​គឺ​បណ្ដាលមកពី​កំណើន​នៃ​ការសាងសង់ បុរី ខុន​ដូ និង​ផ្សារ​ទំនើប​ជាដើម​នៅតាម​តំបន់​កំពុង​អភិវឌ្ឍ។ លោក​បន្ថែមថា ការកកស្ទះ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 01 មីនា​ត្រង់​កំណាត់​ផ្លូវ​ព្រះមុនីវង្ស ឆ្ពោះទៅ​ស្ពាន​អាកាស​ក្បាលថ្នល់ និង​ម្ដុំ​ស្ដុ​ប​បូកគោ ជាដើម​នោះ ក៏​ព្រោះតែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​សាងសង់​ស្ពាន​អាកាស​ផ្លូវ 60 ម៉ែត្រ ត្រង់ចំណុច​ប្រសព្វ​រវាង​មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ (ផ្លូវ​លេខ 271)៕

Advertisement