អាជ្ញាធរឱ្យបញ្ឈប់ទទួលទានស្រាវថ្នាំចិនសែ «តាំង គួយ» ជាបន្ទាន់ ព្រោះស្រានេះអាចពុលដល់ស្លាប់

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ប្រ​ង្ក្រា​ប​ការ​ក្លែងបន្លំ (ក.ប.ប) បានប្រកាស​ឱ្យ​ប្រជាជន​បញ្ឈប់​ទទួលទាន​ស្រា​ថ្នាំចិនសែ​ដែលមាន​យីហោ «     តាំង គួ​យ» ជាបន្ទាន់​ក្រោយ​មាន​មនុស្ស​ពុល​ស្លាប់ និង​កំពុង​សង្គ្រោះបន្ទាន់​ជាច្រើន​នាក់​នៅ​ខេត្តបន្ទាយមានជ័យ។

ជា​ចំណាត់ការ​ស្ថាប័ន​ខាងលើ​បាន បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត កន្លែងកើតហេតុ ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ ដោយបាន​សាកសួរ​ព័ត៌មាន និង​យក​គំរូ​សំណាក ស្រា​ថ្នាំចិនសែ​នេះ មក​វិភាគ​នៅ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ និង​មន្ទីរពិសោធន៍​ខា្ន​ត​តូច​របស់​សាខា​អគ្គនាយកដ្ឋាន។ ជា​លទ្ធផល​មន្ត្រី​ជំនាញ រកឃើញ​សារធាតុ​មេ​តា​ណុល ក្នុង​កម្រិត​ខ្ពស់ជាង០.35% ដែល​អាច​បណ្ដាលឱ្យ​អ្នក​ទទួលទាន​ស្លាប់​បាន។

មន្ត្រី​ជំនាញ ក៏បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ផលិត និង​ចែកចាយ​ស្រា​ថ្នាំចិនសែ​នេះ ដោយ​សហការ​ជាមួយ​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​បើក​ទីតាំង​ផលិត ដើម្បី​ស្វែងរក​វត្ថុតាង និង​រឹបអូស​ផលិតផល​ស្រា​ថ្នាំចិនសែ​ទាំងនោះ។

បន្ថែម​ពីលើ​នេះ អាជ្ញាធរ​ក៏បាន បាន​បញ្ជា​ឱ្យ​សាខា ក.ប.ប. រាជធានី-ខេត្ត ទាំងអស់​ប្រមូល​ត្រលប់​មកវិញ នូវ​ស្រា​ថ្នាំចិនសែ​យីហោ «តាំង គួ​យ» ទាំងអស់​នៅ​ទូទាំងប្រទេស។

ក្នុងករណី​សង្ស័យថា​មាន​បញ្ហា សូម​ទំនាក់ទំនង​មកកាន់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ តាមរយៈ​លេខ​ទូរស័ព្ទ 023 231 856 ឬ 092 830 856៕

Advertisement