វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែលជា​ជំនួយ​របស់ ប៉ូឡូញ នឹង​មកដល់ កម្ពុជា នៅ​យប់​នេះ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ចំនួន ៣ សែន​ដូ​ស ជា​ជំនួយ​របស់ ប្រទេស​ប៉ូឡូញ ដែល​នឹង​ត្រូវបាន​ដឹក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃទី ២៥ មករា ២០២២។ នេះ​បើតាម​ការផ្សាយ​របស់​វិទ្យុជាតិ​កម្ពុជា។

វ៉ាក់សាំង​ចំនួន ៣ សែន​ដូ​ស របស់ ប៉ូឡូញ ដែល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ទទួល​នៅ​យប់​នេះ គឺជា​ប្រភេទ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca)។

ប្រទេស​ប៉ូឡូញ គឺជា​ប្រទេស​ទី ៧ ហើយ នៅក្នុង​ចំណោម​ប្រទេស​ដែល​បាន​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដល់ កម្ពុជា។

គិត​មកដល់​បច្ចុប្បន្ន កម្ពុជា ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ទាំង​ការបញ្ជាទិញ​ផ្ទាល់ ទាំង​ជំនួយ​ទ្វេភាគី​របស់​ប្រទេស​ជា​មិត្ត និង​តាម​យន្តការ​នៃ​មជ្ឈមណ្ឌល Covax របស់​បណ្ដា​អង្គការ​អន្តរជាតិ សរុប​ជាង ៤៣ លាន​ដូ​ស​រួចហើយ។

បណ្ដា​ប្រទេស​ដែល​បាន​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​មកដល់ កម្ពុជា នាពេល​កន្លង រួមមាន ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី និង ហូ​ឡង់៕

Advertisement