ព្រលានយន្តហោះសៀមរាបថ្មីអាចទាញភ្ញៀវទេសចរបានជាង9លាននាក់

អាជ្ញាធរ​ខេត្តសៀមរាប​បាន​បញ្ជាក់ថា ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅក្នុង​ខេត្តសៀមរាប អាចមាន​សមត្ថភាព​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ដល់​ទៅ​ជាង9លាន​នាក់​ក្រោយពេល​ស្ថាបនា​រូ​ចរាល់​នៅ​ឆ្នាំ2023។

លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប​បានលើកឡើង​ថា ព្រលានយន្តហោះ​ថ្មី​នៅក្នុង​ខេត្តសៀមរាប​នេះ​មាន​ចម្ងាយ​ប្រមាណ 30គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ស្ថិតនៅ​ភាគ​ខាងកើត​ក្រុង ដែល​តាម​គម្រោង​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ2023ខាងមុខនេះ។

លោក​ថា យើង​មាន​ក្តីសង្ឃឹម​ដោយសារតែ​រដ្ឋាភិបាល​អ​នុ​ញ្ញាត​ឱ្យមាន​ព្រលានយន្តហោះ​អន្តរជាតិ​ដ៏​ធំ​នេះ​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ដែល​វា​អាច​ទទួល​យន្តហោះ​គ្រប់​ប្រភេទ​បាន ខុសពី​ព្រលានយន្តហោះ​សព្វថ្ងៃ​ដែល​ទទួលបាន​ត្រឹម​យន្តហោះ​ធុន​មធ្យម​តែប៉ុណ្ណោះ។

នៅពេលដែល​ដាក់ឱ្យ​ដំណើរការ​ព្រលានយន្ដហោះ​ថ្មី​នេះ ខេត្តសៀមរាប នឹងមាន​កំណើន​ទេសចរ​កើន​ដល់​ប្រមាណ9លាន​នាក់ ដែល​ព្រលានយន្តហោះ​ថ្មី​នេះ អាច​ផ្ដល់​សេវាកម្ម​បាន​ក្នុងចំណោម​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ដ​ក្នុង​ខេត្ដ៕

Advertisement