ទោះស្ថិតក្នុងស្ថានភាព Covid-19 ក៏អំបិលកំពតនៅដំណើរការល្អ

អំបិល ជាអាហារចាំបាច់បំផុតសម្រាប់មនុស្សលើពិភពលោក ហេតុនេះហើយទើប​តម្រូវការអំបិល​នៅតែជាចំនុចអាទិភាពបើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

លោក ភូ លិ អភិបាលរងខេត្តកំពត បានលើកឡើងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពតនៅតែបន្តដំណើរការទៅមុខដូចធម្មតា បើទោះបីជាកន្លងមកមានបញ្ហាលំបាកមួយចំនួន​ក៏ដោយ។ បញ្ហាដែល​សហគមន៍ផលិតអំបិលនៅខេត្តកំពតធ្លាប់ជួបប្រទះគឺ បញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់អាជីវកម្ម។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ខេត្តកំពត គឺជាកន្លែងផលិតអំបិល​ ដែលបានចែកចាយទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា​ ព្រោះទីនេះមានអំបិលប្រកបដោយគុណភាពខ្ពស់។ កន្លងមក​ពេលដែលសហគមន៍​អំបិលកើតឡើងដំបូង យើងក៏ធ្លាប់មានការព្រួយបារម្ភថា​ក្រោយពេលផលិតបានច្រើន អាចនឹងលំបាកស្វែងរកទីផ្សារ តែស្ថានភាពជាក់ស្តែង បញ្ហាទីផ្សារមិនមែនជាបញ្ហាចម្បងទេ ព្រោះអ្វីដែលធ្វើឱ្យយើងលំបាកគឺ​ការប្រែប្រួលអាកាសធាតុ និងទុនផលិត​ទៅវិញទេដែលធ្វើឱ្យអ្នកផលិតជួបបញ្ហា។ ទោះជាយ៉ាងនេះក្តីរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងសហការជាមួយគណៈអភិបាលខេត្តកំពត ក្នុងការជួយដោះស្រាយដោយរឹតត្បិតអំបិលនាំចូលពីប្រទេសជិតខាង និង​ជួយ​ជាដំណោះស្រាយមួយចំនួនផ្សេងទៀត។

រយៈពេល 4ខែដើមឆ្នាំ 2020 នេះ ខេត្តកំពតបានផលិតអំបិល​ប្រមាណ 27,775តោន ហើយបានផ្គត់ផ្គង់លើទីផ្សារចំនួន 12,332តោន៕\

Advertisement