សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់អ្នកដំណើរដើម្បីសួររកឯកសារទេ បើមិនល្មើសច្បាប់ចរាចរណ៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក បានបញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់អ្នកដំណើរ​ដែលធ្វើដំណើរដោយគោរពច្បាប់ចរណ៍ ដើម្បីសួររកឯកសារនោះទេ។

សម្តេចបញ្ជាក់ផងដែរថា អ្នកធ្វើដំណើរត្រឹមត្រូវដោយគ្មានកំហុស អាចធ្វើដំណើរបានជាធម្មតា និងដោយរលូន​ព្រោះគ្មានសមត្ថកិច្ចណាមកស្ទាក់សួរនាំរកឯកសារទេ តែប្រសិនបើយើងបានបំពានច្បាប់ត្រង់ចំណុចណាមួយដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាចរាចរណ៍ ទើបសមត្ថកិច្ចធ្វើការឃាត់ ហើយសួររកឯកសារនៅពេលឃាត់នោះ។

គួរបញ្ជាក់ថាឯកសារសំខាន់ៗដែលប្រជាពលរដ្ឋត្រូវដាក់តាមខ្លួនមានដូចជា បណ្ណបើកបរច្បាប់ដើម ឬលិខិតអនុញ្ញាតអាជីវកម្មសម្រាប់រថយន្តអាជីវកម្ម លិខិត​សម្គាល់យានយន្ត (កាតគ្រី) អាចថតចម្លងដោយមាន​ការទទួលស្គាល់ពីសមត្ថកិច្ច និងការឆៀកយានយន្តឱ្យបានត្រឹមត្រូវជាដើម៕

Advertisement