វៀតណាមប្រើកម្លាំងចម្រុះជាង ៥០០នាក់ ឡោមព័ទ្ធ​ចាប់​បុរសម្នាក់ ដែលសង្ស័យថាបានសម្លាប់មនុស្ស ៥នាក់

នគរបាលចម្រុះជាង 500នាក់ ដែលមានអាវុធគ្រប់ដៃ មានអាវក្រោះការពារ ត្រូវបានដាក់ពង្រាយ និងឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់ដែលមានឈ្មោះ Le Quoc Tuan (ជាមន្ត្រីនគរបាលខណ្ឌ11 នៃក្រុងព្រៃនគរ) ដែលត្រូវបានសង្ស័យថា បានបាញ់សម្លាប់មនុស្សចំនួន 4នាក់ នៅស្រុក Cu Chi ជាយក្រុងហូជីមិញ (Sai Gon/ព្រៃនគរ)។

ព្រឹកព្រលឹមថ្ងៃទី30 មករា អាជ្ញាធរក្រុងហូជីមិញ នាំមុខដោយរថពាសដែក រួមនឹងនគរបាលរាប់រយនាក់ និងសុនខជំនាញហិតក្លិន បានឡោមព័ទ្ធតំបន់ព្រៃកៅស៊ូមួយនៅឃុំ Trung An ជាយក្រុងព្រៃនគរ ជាតំបន់ដែលជនសង្ស័យអាយុ 33ឆ្នាំខាងលើបានលាក់ខ្លួន បន្ទាប់ពីបានបាញ់សម្លាប់មនុស្សចំនួន 4នាក់ ដោយសារមានជម្លោះក្នុងពេលលេងល្បែង នៅក្នុងឃុំ Tan Than Dong ជាយក្រុងព្រៃនគរ កាលពីម្សិលមិញ (29មករា 2020)។

ក្រុមនគរបាលមូលដ្ឋានបានបើកឡាន និងម៉ូតូទៅកាន់តំបន់ដែលជនសង្ស័យកំពុងជ្រកពួន ហើយប្រកាសប្រាប់ឱ្យប្រជាជនទាំងអស់សម្ងំនៅក្នុងផ្ទះដើម្បីការពារសុវត្ថិភាព។

ក្នុងការចុះព័ទ្ធចាប់ជនសង្ស័យនេះ គេឃើញមានវត្តមានរបស់អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ រួមនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃក្រសួងនេះ។

ពលរដ្ឋនៅតំបន់ក្បែរនោះបាននិយាយថា ពួកគេបានឃើញកងកម្លាំងសមត្ថកិច្ចចម្រុះមានវត្តមាននៅក្បែរផ្ទះពួកគេតាំងតែពីម៉ោង 4:30នាទីទៀបភ្លឺ។

នៅប្រហែលម៉ោងជាង 10ព្រឹក គេឮសូរស្នូរកាំភ្លើងលាន់ឮឡើងជាច្រើនគ្រាប់។ ក្រុមនគរបាលដែលស្លៀកពាក់ស៊ីវិលរាប់រយនាក់ បានដឹកគ្នាដោយម៉ូតូ បើកបរយ៉ាងលឿនចូលទៅក្នុងព្រៃដើម្បីឡោមព័ទ្ធចាប់ជនសង្ស័យ។ ក្រោយមកបន្តិច ទាហានយ៉ាងច្រើនក៏បង្ហាញខ្លួននៅជុំវិញតំបន់ដែលត្រូវឡោមព័ទ្ធ។ នៅពេលងើបមើលទៅលើអាកាស គេឃើញមានកូនយន្តហោះគ្មានមនុស្សបើក (drone) ជាច្រើនគ្រឿង ហោះឆ្វែលស្វែងរកជនសង្ស័យ។

ជនសង្ស័យឈ្មោះ Le Quoc Tuan គឺជាមន្ត្រីនគរបាលម្នាក់ដែលធ្វើការនៅមន្ទីរឃុំឃាំងបណ្ដោះអាសន្ននៃអធិការដ្ឋាននគរបាលសង្កាត់11 ដែលមានឋានន្តរស័ក្តិអនុសេនីយ៍ទោពិសេស(ស័ក្តិ2 ត្រៀមឡើងស័ក្តិ3)។ ជនសង្ស័យនេះមានកូន 2នាក់ និងជាមនុស្សញៀនល្បែងស៊ីសងរយៈពេលច្រើនឆ្នាំមកហើយ។

លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា នៅថ្ងៃទី29 មករា ឆ្នាំ2020 ជនសង្ស័យ Le Quoc Tuan ជាមួយឈ្មោះ Le Quoc Minh បានទៅដល់វង់ល្បែងក្នុងចម្ការមៀនក្បែរផ្ទះ ដែលមានចម្ងាយពីមជ្ឈមណ្ឌលក្រុងព្រៃនគរប្រហែល 30គីឡូម៉ែត្រ ដើម្បីលេងល្បែង។ ពេលលេងបានមិនយូរប៉ុន្មាន Le Quoc Tuan ក៏មានទំនាស់ជាមួយអ្នកលេងក្នុងវង់ល្បែង ហើយក៏បានស្រែកជេរគេយ៉ាងខ្លាំងៗ ប៉ុន្តែបន្ទាប់មកក៏បានចេញបាត់ទៅ។ មួយសន្ទុះក្រោយមក Le Quoc Tuan បានត្រឡប់មកវិញជាមួយនឹងកាំភ្លើង AK 1ដើម រួចហើយក៏ “ប៉័ងៗៗៗៗៗៗ!!” ស្នូរកាំភ្លើងបានផ្ទុះឡើងយ៉ាងគួរឱ្យភ័យខ្លាច ហើយអ្នកលេងល្បែងក្នុងវង់ទាំងប៉ុន្មាន ក៏បានចែកជើងគ្នារត់បាត់ស្រមោលអស់ នៅសល់តែមនុស្សប្រហែល 4នាក់ ដែលកំពុងដេកដួលលើដីក្នុងថ្លុកឈាម ក្នុងនោះ មានម្នាក់រងរបួសធ្ងន់ និង 3នាក់ទៀតបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនសង្ស័យ Le Quoc Tuan បានជិះម៉ូតូ ពាក់ម៉ាស់បាំងមុខ និងដាក់កាំភ្លើងនៅពីមុខ ជិះគេចខ្លួនពីកន្លែងកើតហេតុភ្លាមៗដែរ។ លុះដល់ម៉ោង 3 និង 10នាទីរសៀលថ្ងៃដដែល Le Quoc Tuan ដែលកាន់កាំភ្លើងក្នុងដៃ បានភ្ជង់ប្លន់ស្ត្រីម្នាក់យកម៉ូតូ 1គ្រឿងទៅបាត់ទៀត។

ជនសង្ស័យដែល​កំពុង​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន

លុះព្រឹកឡើង គេបានប្រទះឃើញសាកសពបុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្បែរតំបន់ដែលកងកម្លាំងចម្រុះកំពុងឡោមព័ទ្ធនោះ។ ក្រុមនគរបាលបានរកឃើញសម្បកគ្រាប់កាំភ្លើងដូចគ្នានឹងប្រភេទគ្រាប់ដែលជនសង្ស័យ Le Quoc Tuan បានបាញ់សម្លាប់មនុស្សនៅក្នុងវង់ល្បែងដែរ។
មកដល់ពេលនេះសមត្ថកិច្ចចម្រុះជាង 500នាក់នោះ នៅតែកំពុងដុតដៃដុតជើងឡោមព័ទ្ធ និងតាមរកចាប់ខ្លួនជនសង្ស័យរូបនោះនៅឡើយ។

ព័ត៌មានថ្មីៗបន្ថែមទៀត គេហទំព័រឡារ៉ែន នឹងយកមកជម្រាបជូនមិត្តអ្នកអានជាបន្តបន្ទាប់នៅពេលក្រោយទៀត៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement