រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ គ.ស.២០២០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របសជាតិយើងរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការនីទាំងអស់ដូចខាងក្រោម៖

១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

២- ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។

៣- ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម៉្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រ័កេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។

៤- ត្រូវយកចិត្តទុកដាក់ក្នុងការថៃរក្សាសុខភាព អនាម័យ ជាពិសេសវិធានការការពារវីរុស Covid-19 ដោយប្រុងប្រយ័ត្នបំផុំត។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ជាយុវជន យុវនារី សិស្ស​ និស្សិត និងកម្មករ កម្មការិនីទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារជូនដំណឹងខាងលើ។

ទទួលបានការជូនដំណឹងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិអំពើមិនគប្បីខាងលើ ដែលបង្កឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ៕

Advertisement