ផ្សារ​វិហារ​សួគ៌​នៃ​ខេត្តកណ្ដាល ត្រូវបាន​បិទ​បណ្ដោះអាសន្ន បន្ទាប់ពី​អ្នក​ផ្ទុក Covid-19 ម្នាក់ បាន​ចូលក្នុង​ផ្សារ​នេះ

លោក ប៊ុន ផេង អភិបាល​នៃ​គណ:អភិបាលស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល

ផ្សារ​វិហារ​សួគ៌​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន ដោយសារ​អ្នក​វិជ្ជមាន​នឹង Covid-19 ម្នាក់​បាន​ចូល​មកលេង​បងប្អូន​ក្នុង​ផ្សារ​នេះ។

ដំណឹង​ខាងលើនេះ ត្រូវបាន​លោក ប៊ុន ផេង អភិបាល​នៃ​គណ:អភិបាលស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ឱ្យដឹង​នៅ​ថ្ងៃទី 12 មីនា 2021 នេះ។ លោក​ចៅ​ហ្វា​ល​ស្រុក​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ខាងលើ សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​បង្ការ​ប​ញ្ហា​ឆ្លង​រាលដាល​ឱ្យទាន់ពេល​ផងដែរ។

គិត​ត្រឹម​ថ្ងៃទី 12 មីនា 2021 នេះ ខេត្តកណ្ដាល មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 73 នាក់ ក្នុងនោះ​មាន 69 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ និង 4 នាក់ បានជា​សះស្បើយ។

នៅ​ទូទាំងប្រទេស មាន​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ​សរុប​ចំនួន 1,225 នាក់ ក្នុងនោះ​មាន 619 នាក់​បានជា​សះស្បើយ ខណៈ 1 នាក់​បាន​ស្លាប់ និង 604 នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

Advertisement