សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាតឱ្យ​ដាក់ពន្ធនាគារ​ចំពោះ​ជនល្មើស​ពាក់ព័ន្ធ​នឹង Covid-19 ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​រួចហើយ

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរបស់រដ្ឋសភា

សេចក្ដីព្រាងច្បាប់​ស្តីពី «វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត» ដែលមាន​ចែង​អំពី​ការពិន័យ​ជា​ប្រាក់ និង​ដាក់ពន្ធនាគារ​ចំពោះ​ជនល្មើស ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រឹទ្ធសភាភ្លាមៗដើម្បី​ពិនិត្យ និង​អនុម័ត បន្ទាប់ពី​រដ្ឋសភា​បានអនុម័ត​រួចរាល់​ដោយ​ពុំមាន​សំឡេង​ជំទាស់។

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋសភា បានឱ្យដឹង​កាលពី​ម្សិលមិញ (5 មីនា) ថា សេចក្តីព្រាងច្បាប់​ខាងលើ ដែល​រដ្ឋសភា​ទទួលបាន​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភា​បានសម្រេច​អនុម័ត​ទាំងស្រុង ដោយ​សំឡេងគាំទ្រ «83 លើ 83» នៃ​សមាជិកសភា​ដែល​ចូលរួម​ប្រជុំ កាលពី​ថ្ងៃទី 5 មីនា ឆ្នាំ 2021។

ខ្លឹមសារសំខាន់ៗនៃ​សេចក្ដីព្រាងច្បាប់​នេះ រួមមាន មាត្រា7, 8, 9 និង​មាត្រា13 ដោយបាន​ចែងថា បើ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចាប់ពី 6 ខែ ទៅ 3 ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី 2 លាន​រៀល​ទៅ 10 លាន​រៀល។ បើ​គេចវេះ​ពី​កន្លែង​ព្យាបាល ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចប់​ពី 1 ឆ្នាំទៅ 5 ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី 5 លាន​ទៅ 20 លាន​រៀល។ បើ​គេចវេះ​ពី​កន្លែង​ព្យាបាល ហើយ​ទៅ​ចម្លង​ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចាប់ពី 5 ឆ្នាំទៅ 10 ឆ្នាំ ប៉ុន្តែ​បើ​រៀបចំ​ចម្លង​តាមរយៈ​ជា​ក្រុម ឬ​អង្គការ​ចាត់តាំង ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចាប់ពី 10 ឆ្នាំទៅ 20 ឆ្នាំ។

ក្រោយពី​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី 5 មីនា សេចក្តីព្រាងច្បាប់​នេះ​ក៏បាន​បញ្ជូនទៅ​ព្រឹទ្ធសភា​រួចហើយ ដើម្បី​ពិនិត្យ និង​អនុម័ត​បន្ត។ បើសិនជា​មិនមាន​ការជំទាស់​ពី​ព្រឹទ្ធសភា នោះ​ព្រឹទ្ធសភា​នឹង​បញ្ជូន​ទៅកាន់​ព្រះមហាក្សត្រ​ពិនិត្យ និង​ឡាយព្រះហស្តលេខា​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលឆាប់ៗខាងមុខ នេះ​បើតាម​ឯកឧត្ដម ឡេង ប៉េងឡុង៕

Advertisement