មហាសេដ្ឋី​លំដាប់​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

មហា​សេដ្ឋី​ម៉ិកស៊ិក លោក Carlos Slim

កំពូល​អ្នកមាន​លំដាប់​លេខ​មួយ និង​ជា​មេកន្ទ្រាញ​ផ្នែក​ទូរគមនាគមន៍​ប្រចាំ​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក Carlos Slim Helu បាន​ឆ្លង​វីរុស Covid-19។

កាលពី​ថ្ងៃទី 25 មករា អ្នកនាំពាក្យ​របស់លោក Carlos Slim Helu បាន​បញ្ជាក់ថា មហាសេដ្ឋី​លេខ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19 ប្រហែល​មួយ​សប្ដាហ៍​កន្លង​ទៅហើយ ខណៈដែល​លទ្ធផល​នៃ​ការព្យាបាល​កំពុង​តែមាន​ភាពល្អប្រសើរ។ មុននេះ សារព័ត៌មាន Reforma របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក៏បាន​ចុះផ្សាយ​ថា មហាសេដ្ឋី​កើត​ឆ្នាំ 1940 រូបនេះ បាន​ឆ្លង Covid-19 ដោយ​យោងទៅលើ​ប្រភពព័ត៌មាន​ពី Carlos Slim Domit ដែលជា​កូនប្រុស​របស់លោក។

ព័ត៌មាន​នេះ​ត្រូវបាន​ចេញផ្សាយ​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador បានប្រកាស​នៅលើ Twitter ថា លោក​វិជ្ជមាន​នឹង Covid-19។

ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador (ស្ដាំ) និងមហាសេដ្ឋី Carlos Slim

យោងតាម​ទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិ​របស់លោក Carlos Slim ស្ថិតក្នុង​រង្វង់ 59.9 លាន​ដុល្លារ​អាមេរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី 21 ក្នុង​ពិភពលោក។ ទ្រព្យសម្បត្តិ​ភាគច្រើន​របស់លោក Carlos Slim គឺ​មូល​ប​ត្រ​នៅ America Movil ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លំដាប់​ជួរមុខ​នៅ​អាមេរិក​ឡាទីន។ មហាសេដ្ឋី​រូបនេះ ក៏​ធ្លាប់ជា​អ្នកមាន​ជាងគេ​លំដាប់​លេខ​មួយ​នៅលើ​តារាង​ចំណាត់ថ្នាក់​របស់ Forbes ចាប់ពី​ឆ្នាំ 2010 ដល់​ឆ្នាំ 2013​ ផងដែរ៕

ប្រភព៖ Forbes

Advertisement