សហរដ្ឋ​អាម៉េរិក ផាកពិន័យក្រុម​ហ៊ុន​ Binance ចំនួន 2.7 ពាន់​លាន​ដុល្លារ

មហាសេដ្ឋីកាណាដាដើមកំណើតចិន លោក Changpeng Zhao (CZ) ស្ថាបនិកនៃក្រុមហ៊ុន Binance

តុលាការខណ្ឌ​ភាគ​ខាង​ជើង Illinois បាន​តម្រូវ​ឱ្យ​ Binance បង់​ប្រាក់ជួញដូរ​ខុស​ច្បាប់ 1.35 ពាន់​លាន​ដុល្លារ​អាម៉េរិក រួម​នឹង​ប្រាក់ពិន័យ​ជា​ច្រើន​ផ្សេង​ទៀត​ ទៅ​ឱ្យអាជ្ញាធរ​មានសមត្ថកិច្ច​។

«តុលាការ​រកឃើញ​ថា Changpeng Zhao (CZ) និង binance បាន​រំលោភ​លើ​ច្បាប់​ជួញដូរ​ទំនិញ​ (CEA) និង​គោលការណ៍​របស់ CFTC។ បុគ្គល CZ ត្រូវ​បាន​ផាក​ពិន័យ​ 150 លាន​ដុល្លារ​។ Binance យល់​ព្រមប្រគល់​ប្រាក់ដែល​ជួញដូរ​ខុស​ច្បាប់​ 1.35 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​បង់​ប្រាក់​ពិន័យ 1.35 ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ CFTC» គណៈកម្មការ​គ្រប់​គ្រង​ការ​ជួញដួរ​ទំនិញ​អនាគត (CFTC) កាល​ពី​ថ្ងៃទី 19 ធ្នូ បាន​លើក​ឡើងនៅ​លើ​ទំព័រ X ដូច្នេះ​​។

យោង​តាម Reuters ការ​សម្រេច​ខាងលើ ត្រូវ​បាន​តុលាការ​ខណ្ឌ​ភាគ​ខាង​ជើង Illinois អនុម័ត​ បញ្ចប់​រឿង​ក្ដី​របស់ CFTC ដែល​សំដៅ​លើ​ក្រុម​ហ៊ុន Binance ដែល​​ផ្សារ​ជួញដូរ​រូបិយបណ្ណឌីជីថល់​​គ្រីស្តូធំជាង​គេ​លើ​ពិភពលោក ​និង​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​នេះ​។

មុន​នោះ កាល​ពី​ថ្ងៃទី 27 មីនា 2023 CFTC បាន​ប្ដឹង​ប្រឆាំង​នឹង CZ (ពលរដ្ឋ​កាណាដា​ដើម​កំណើត​ចិន) រួម​នឹង Binance ក្រោម​បទ​ចោទ​ថា បាន​ប្រើ​ល្បិច​ក្នុង​ទីផ្សារ ខ្វះ​ការ​គោរព​ច្បាប់ ព្រម​ទាំង​គាំទ្រ​ដល់​សកម្មភាព​លាង​លុយ​។ ក្នុង​លិខិត​តវ៉ាកម្រាស់​​ 74 ទំព័រ CFTC បាន​ចាត់​ទុក​រូបិយបណ្ឌ​ឌីជីថល​គ្រីបស្តូ Bitcoin, Ethererum, Binance USD, Tether, Litecoin ថា​ជា​ទំនិញ​។ CFTC ក៏​បាន​ចោទ​ថា Binance ​គាំទ្រ​ដល់​សកម្មភាព​ភេរវកម្ម និង​មើល​ស្រាល​ច្បាប់​អាម៉េរិក​​​ផងដែរ៕

Advertisement